(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ព្រមទាំងសហការី បានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៥ នៅក្នុងបរិវេណវត្តត្រស់ ក្នុងឃុំអូរតាគី និងប្រជុំពង្រឹងបក្សមូលដ្ឋាន ដោយណែនាំដល់មន្រ្តីខិតខំបម្រើពលរដ្ឋឲ្យបានល្អបន្ថែមទៀត ក្នុងស្រុកថ្មគោល។
នៅក្នុងឱកាសនោះលោក សួស អង្គារ៍ បានឡើងសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត នៅក្នុងឃុំទាំង២យើងនេះថា ពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជាយើង វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ជាក់ស្តែងវត្តដែលយើងត្រូវប្រគេនទៀនវស្សាមាន៥វត្តគឺក្នុងនោះមាន៖ វត្តអូរតាគី វត្តត្រាង វត្តត្រស់ វត្តវាលទ្រា ឃុំអូតាគី និងវត្តជ្រោយម្ទេសក្នុងឃុំតាម៉ឺន ដែលជាឃុំនៅជនបទ និងមានព្រះសង្ឃជាច្រើនអង្គទៀតផង។
ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធ ហើយបញ្ចប់វិញនៅថ្ងៃទី១៥រោច ខែកក្តិត។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត។ ដូច្នេះហើយទើបប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធបាននាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស។
ជាក់ស្តែងថ្ងៃនេះ ក្រុមការងារចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន បានមូលមតិគ្នានាំទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃចំនួន៥វត្ត នៅស្រុកថ្មគោល ដោយវត្តទាំង៥ទទួលបាន៖ ក្នុង១វត្តមានទៀនវស្សាចំនួន ១គូរ អង្ករ៥០គីឡូក្រាម ទឹកក្រូច១កេស មី១កេស ទឹកត្រី ស៊ីអ៊ីវ២យួរ ស្លាដក់១ និងថវិកា៥០ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារបានចែកថវិកា ជូនលោកតាលោកយាយចូលរួមក្នុងវត្តម្នាក់៥ពាន់រៀល សមាជិកបក្សទាំង២ឃុំជាង៥៩នាក់ ម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ។
លោក សួស អង្គារ៍ បានបន្តថា ដោយសារមានថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ ដែលមានឥស្សរជនគណបក្សប្រជាជនកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមទេ ប្រជាពលរដ្ឋយើងក៏គ្មានថ្ងៃនេះមានឱកាសធ្វើបុណ្យជាមួយគ្នានិងបានកសាងប្រទេសរហូតដល់មានការអភិវឌ្ឍន៍ដល់សព្វថ្ងៃដែរ។
លោកបានបញ្ជាក់ថា ការប្រគេនទៀនព្រះវស្សាជូនវត្តទាំង៥នៅឃុំទាំង២ក្នុងស្រុកថ្មគោលនេះ គឺជាការចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ដែលព្រះចៅអធិការវត្តទាំង៥តែងតែជួយគាំទ្រ គណបក្សប្រជាជនកន្លងមក ពិសេសក្នុងការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសភាតំណាងរាស្រ្តអាណត្តិទី៥កន្លងមក បានអសនៈជាច្រើនធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះបានបន្តដឹកនាំប្រទេសបន្តទៀត។ ការប្រគេនទៀនព្រះវស្សានេះ គឺយើងទាំងអស់គ្នាតែងតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំ ហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនក៏បាននាំគ្នាប្រគេនទៀនព្រះវស្សាដល់វត្តដែលនៅជិតផ្ទះរបស់ខ្លួនផងដែរ។
បន្ទាប់មកលោកប្រធានក្រុមការងារ បានប្រជុំពង្រឹងសមាជិកបក្សមូលដ្ឋានឃុំទាំង២ ឲ្យខិតខំបម្រើប្រជាពលរដ្ឋទូទៅឲ្យបានល្អបន្ថែមទៀត ដើម្បីឲ្យពួកគាត់ស្រឡាញ់គាំទ្របក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកសាង និងអភិវឌ្ឍន៍កាន់តែរីកចម្រើនសម្បូរណ៍សប្បាយសុខសន្តិភាពតទៅ៕