(សៀមរាប)៖ លោក ទេព សំអាន អនុប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទបាគង និងលោក ញឹម សីលា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំកំពុងភ្លុក និងសហការី ព្រមទាំងពុទ្ធិបស័ទ ចំណុះជើងវត្ត «មនីសាគរបវសត្ថាស្រះកែវអណ្ដែត» ហៅ វត្កកំពង់ភ្លុក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃ នៅឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង និងនៅទីគោរព សក្ការៈបូជា ព្រះអង្គចេកព្រះអង្គចម ក្រុង-ខេត្តសៀមរាប សរុបអស់ទឹកប្រាក់ ២,៤៩០ដុល្លារអាមេរិក។
ចំពោះសម្ភារៈដែល លោក ទេព សំអាន និងក្រុមការងារ ព្រមទាំងពុទ្ធិបស័ទ បានប្រគេនដល់វត្តកំពង់ភ្លុកមាន ទៀន ព្រះវស្សា១គូ, អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ, ភេសជ្ជៈ, មីកញ្ចប់, ស្ករស, ទឹកដោះគោកំប៉ុង, តែកញ្ចប់, ប្រេងម៉ាស៊ូត, និងសម្ភារៈមួយចំនួនទៀត រួមនិងបច្ច័យចំនួន ៥០០ដុល្លារ ផងដែរ ។
ចំណែកឯនៅទីគោរពសក្ការៈបូជា នៅព្រះអង្គចេកព្រះអង្គចម លោក និងសហការី បានជូនទៀនព្រះវស្សា១គូ, ផ្លាដក់, និងបច្ឆ័យមួយចំនួនទៀត ។
ជាមួយគ្នានោះ លោក ទេព សំអាន និងក្រុមការងារ បានចែកជូនអំណោយជាថវិកា ជូនចំពោះ តាជី យាយជី លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀល ផងដែរ៕