(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកស្រី ព្រទាំងមន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដង្ហែទានវស្សា ចំនួន ១គូ ដាក់នៅទីសក្ការៈព្រះអង្គចេក ព្រះអង្គចម និងបាននិមន្តព្រះសង្ឃចំនួន ០៩អង្គ មកពី ០៥វត្ត ក្នុងខេត្តសៀមរាប ដើម្បីសូត្រមន្តស្វាធ្យាយជ័យន្តោ។
នៅក្នុងពិធីនេះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេរនូវទ័យទាន ប្រគេនព្រះសង្ឃទាំង ៩ព្រះអង្គ ដែលនិមន្តមកពី ៥វត្ត ដោយក្នុងមួយវត្តមាន ស្លាដក់២ មី២កេស ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹកដោះគោ ២កេស ទឹកត្រី ២យួរ ទឹកសីុអីុវ ២យួរ អំបិល ២០គីឡូក្រាម ស្ករស ២០គីឡូក្រាម ឆាយប៉ូវ ១គីឡូក្រាម ប្រេងកាត ១កាន (៣០លីត្រ) អង្ករ ២បាវ (៥០គីឡូក្រាម/១បាវ) និងថវិកា ៤០មឺុនរៀល។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី និងលោកស្រីក៏បានប្រគេននូវបច្ច័យដែលទទួលបានពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជូនវត្តទាំង ៥ ដោយក្នុងមួយវត្តៗ ប្រគេនជូននូវបច្ច័យ ១,០០០,០០០ រៀលដូចៗគ្នា។
បន្ទាប់មក លោកទេសរដ្ឋមន្ត្រី និងលោកស្រី និងមន្ត្រីរាជការទាំងអស់ ក៏បានបន់ស្រន់សុំនូវសេចក្តីសុខសប្បាយ ត្រជាក់ត្រជុំ ទទួលបានជោគជ័យគ្រប់ភារកិច្ចសម្រាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រុមគ្រួសាររៀងៗខ្លួន និងជាពិសេសបានបួងសួងសូមឲ្យឫទ្ធីបារមីដ៏សក្តិសិទ្ធិរបស់ ព្រះអង្គចេក ព្រះអង្គចម តាមថែរក្សា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យទទួលបាននូវសេចក្តីសុខសប្បាយ សុខភាពល្អ កម្លាំង ពលំមាំមួន ឈ្នះអស់មាសត្រូវ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងក្លាថែមទៀត៕