(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះថា នៅយប់មិញកម្លាំងនគរបាលរបស់លោក បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ ដែលជាជនជាតិខ្មែរ ស្ថិតនៅក្នុងភោជនីយដ្ឋាន ប៉ោកៃ ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា «នៅយប់មិញវេលាម៉ោងជាង១០ ការិយាល័យអនុវត្តនីតិវិធី នៃផែនអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួន បណ្តោះអាសន្នជនបរទេស ១នាក់ (សញ្ជាតិចិន) ពីបទឆក់កាបូបដៃរបស់ជនជាតិខ្មែរឈ្មោះ ឆ សែនសិរីវឌ្ឍន៍ នៅក្នុងភោជនីយដ្ឋានប៉ោកៃ ស្ថិតក្នុងសង្កាត់លេខ៣ ដែលជនល្មើសមានឈ្មោះ ចឹង លួយ អាយុ៤០ឆ្នាំ»។
បើតាមលោកស្នងការ បច្ចុប្បន្នសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ កំពុងសាកសួរជនល្មើស (ជនជាតិចិន) ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ហើយសម្ភារដកហូតបានមកវិញរួមមាន៖ កាបូបដៃពណ៍ខ្មៅ ក្នុងនោះមានលុយចំនួន៥០ម៉ឺនរៀល និងកាតមួយចំនួនផងដែរ៕