(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយមេបញ្ជាការរង មន្រ្តីកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានទាំងអស់ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យយកទៅកសាងវត្តវត្តមុនីរង្សីរតនារាម ហៅម្រុំខាងជើង ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងកសាង ហើយមានការខ្វះខាតថវិកាចាំបាច់មួយចំនួន។

តាមព្រះថេរដីកាព្រះគ្រូវិជ្ជានុរក្ខ័បញ្ញា គង ហាន ព្រះលេខាធិការគណខេត្ត ជាព្រះនាយកសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាព្រះចៅអធិការវត្តមុនីរង្សីរតនារាម ហៅ(វត្តម្រុំខាងជើង) វត្តនៅមានការខ្វះខាតមួយចំណែកធំ ក្នុងកសាង មានសាលាកុដិ ដែលកសាងឡើង២ជាន់ រួមនិងការកសាងកិច្ចការផ្សេងៗ ដែលត្រូវការបច្ច័យចាំបាច់ ក្នុងការកសាងបន្ត មិនតែប៉ុណ្ណោះត្រូវការញាតិញោម ពុទ្ធបរិសទ្ធ័ជិតឆ្ងាយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាផងដែរ។

ព្រះអង្គមានថេរដីកាបន្ត កន្លងមកការកសាងនានាក្នុងវត្ត និងសមិទ្ធិផលជាច្រើន ដែលបានកសាងរួចដោយសទ្ធាជ្រះថ្លារបស់ញាតិញោមទាំងអស់ បានទុកជាសម្បត្តិជាតិ សម្បត្តិព្រះពុទ្ធសាសនា និងទុកជាទីសក្ការៈស្នាក់អាស្រ័យរបស់ព្រះភិក្ខុសង្សទូទៅ សម្រាប់ប្រជាពុទ្ធិបរិសទ្ធ័គ្រប់ៗគ្នា។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា សព្វថ្ងៃនេះសមិទ្ធផលរួមទាំងអាណាចក្រ និងពុទ្ធចក្រកំពុងបោះជំហ៊ានដើរទន្ទឹមគ្នា ស្របពេលប្រទេសជាតិកំពុងបោះជំហ៊ានលើផ្លូវ សុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមានសម្តេចតេជោ ហ៊ុន សែន ដោយបានដឹកនាំប្រទេស ឈានទៅរកការអភិវឌ្ឍន៍ លើគ្រប់វិស័យដូចបានឃើញជាក់ស្តែង។

លោកមេបញ្ជាការបានអំពាវនាវដល់កងកម្លាំងអាវុធហត្ថ ត្រូវមានស្មារតីស្រឡាញ់ ជាតិ សាសនា ព្រះមហាក្សត្រ ដែលជា រួមគ្នាកសាងទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ស្របតាមគោលនយោបាយសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេស និងតាមឆន្ទះរបស់កងកម្លាំងយើង(រស់នៅឲ្យគេស្រឡាញ់ ពេលចាកចេញឲ្យគេរលឹក)៕