Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្ត​កោះកុង​ថ្មី ​ប្រាប់​មន្រ្តី​ទាំងអស់​ឲ្យ​បង្កើន​យកចិត្ត​ទុកដាក់ ​លើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​, ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​រាយការណ៍​ថ្នាក់​ខេត្ត ​ចុះ​មក​ដោះស្រាយ​ជាបន្ទាន់

09-07-2017 10:41

(កោះកុង)៖ អភិបាលខេត្តកោះកុងថ្មី លោកស្រី មិថុនា ភូថង បានណែនាំមន្រ្តីទាំងអស់ ត្រូវបង្កើនយកចិត្តទុកដាក់លើ​ការរស់នៅរបស់​បងប្អូន ប្រជាពលរដ្ឋតាមមូលដ្ឋាន ជាចាំបាច់ ហើយបើមានបញ្ហាអ្វីកើតឡើងដោយប្រការណាមួយ ត្រូវរាយការជូនថ្នាក់ខេត្តជាបន្ទាន់ ដើម្បីធ្វើការដោះស្រាយជូនគាត់ មិនត្រូវបញ្ហាចោលនោះទេ។

ការថ្លែងអំពាវនាវជំរុញដល់មន្រ្តីរបស់ខ្លួនខាងលើនេះ បានធ្វើឡើងខណៈលោកស្រី មិថុនា ភូថង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងផ្តល់នៅសម្ភារសិក្សា ជូនសិស្សសាលាជិត២០០នាក់ផងដែរ ស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគីរីសារគរ ខេត្តកោះកុង។

នាឱកាសនោះលោកស្រី មិថុនា ភូថង បានថ្លែងឲ្យដឹងថា ទោះបីតំបន់នេះនៅឆ្ងាយយ៉ាងណាក៏ដោយ ក៏លោកស្រីនៅតែប្រឹងប្រែង រហូតដល់ចំណុចភូមិឃុំរបស់បងប្អូនរស់នៅ ដោយមិនគិតពីការលំបាក ក្នុងធ្វើដំណើរឡើយ ព្រោះនេះជាតួនាទីរបស់អាជ្ញាធរ។

លោកស្រីបានជំរុញឲ្យសូមបងប្អូនពុកម៉ែ លោកគ្រូអ្នកគ្រូ រួមទាំងអាជ្ញាធរមូលដ្ឋាគ្រប់លំដាប់ថ្នាក់ ចូលរួមសហការគ្នារួមជាកម្លាំងសាមគ្គីគ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ស្រុកយើង ឲ្យមានហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានល្អដើម្បីងាយស្រួលក្នុងទាក់ទាញ់ភ្ញៀវជាតិ និងអន្តរជាតិមានកំណើនទេសចរណ៍បានច្រើន ហើយបងប្អូនក៏មានជីវភាពធូរធាក្នុងជីវភាពផងដែរ។

ពេលចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនោះ លោកស្រីអភិបាលខេត្ត បានពាំនាំនូវអំណោយ ចែកជូនបងប្អូន និងសម្ភារសិក្សាជូនដល់សិស្សានុសិស្សជិត២០០នាក់ផងដែរ ហើយបានផ្តល់នូវដំបូន្មានល្អៗ ជូនសិស្សានុសិស្ស​ឲ្យខិតខំយកចិត្តទុកដាក់ ក្នុងការសិក្សាជាចម្បងព្រោះប្អូនៗក្មួយៗ ជាទំពាំងស្នងឫស្សីសំរាប់ប្រទេសជាតិទៅថ្ងៃអនាគត ហើយប្អូនៗ ក្មួយៗ ត្រូវចៀសឲ្យផុតពីគ្រឿងញៀន៕