(អាល្លឺម៉ង់)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់អះអាងដល់បណ្តាមេដឹកនាំនៃប្រទេស G20 ថា ប្រទេសរុស្ស៊ី មិនបានចូលជ្រៀតជ្រែត ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦នោះឡើយ និងបានបន្ថែមថាមកទល់សព្វថ្ងៃនេះ ក៏ពុំមានភស្តុតាងណាមួយ បង្ហាញពីការលូកដៃរបស់ទីក្រុងម៉ូស្គូឲ្យពិតប្រាកដដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
ការគូសបញ្ជាក់របស់លោក ពូទីន ត្រូវបានធ្វើឡើង បន្ទាប់ពីនៅក្នុងជំនួបទល់មុខគ្នា ជាលើកដំបូងជាមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានជជីកសួរសំណួរពាក់ព័ន្ធនឹងបញ្ហានេះជាច្រើនលើកច្រើនសា។ នាឱកាសនោះ លោក ពូទីន ក៏បានបដិសេធចោលរាល់មន្ទិលសង្ស័យក៏ដូចជាការចោទប្រកាន់ដែលថា ទីក្រុងម៉ូស្គូបានចូលលូកដៃ ក្នុងការបោះឆ្នោតជ្រើសរើស មេដឹកនាំអាមេរិកកាលពីឆ្នាំ២០១៦ ហើយបើតាមការអះអាង ពីរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ត្រាំ ក៏បានទទួលយកការការបដិសេធនេះផងដែរ ក្រោយពីបានស្តាប់ការបកស្រាយរបស់លោក ពូទីន។
គួរជំរាបថា កិច្ចពិភាក្សាទល់មុខគ្នាជាលើកទីមួយរវាងលោក វ៉្លាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ដែលគ្រប់គ្នាបានទន្ទឹង់រង់ចាំយ៉ាងអន្ទះសារអស់រយៈពេលជាច្រើនខែកន្លងមកហើយនោះ បានបន្តប្រព្រឹត្តទៅហួសពីពេលវេលា ដែលបានគ្រោងទុកគឺត្រឹម៣០នាទី រហូតដល់ទៅជាងពីរម៉ោងជាងឯណោះ ពីព្រោះតែមេដឹកនាំទាំងពីរ ទំនងជាបានរង់ចាំឱកាសនេះជាយូរណាស់មកហើយផងដែរ និងបានជជែកគ្នាយ៉ាងជក់មាត់ សូម្បីតែជំទាវទីមួយអាមេរិកលោកស្រី Melania Trump បានទៅតឿនក៏ដោយ ក៏ពុំមានលទ្ធភាពបញ្ចប់កិច្ចពិភាក្សានោះបានឡើយ ហើយលោក ពូទីន បានទៅជួបនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ យឺតពេលថែមទៀតផង បន្ទាប់ពីចេញពីជួបលោក ត្រាំ៕