(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកនឹងប្រឹងប្រែងស្វែងរកថវិកា មកស្តារ និងជួសជុលផ្លូវជាតិលេខ២ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទម្រាំរដ្ឋាភិបាលកូរ៉េ ដំណើរការនីតិវិធីជ្រើសរើសបានក្រុមហ៊ុនមកសាងសង់ផ្លូវមួយនេះ។

ការថ្លែងបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងពេលដែលរូបលោកអញ្ជើញចុះមកត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពផ្លូវជាតិលេខ២នេះ។ ការអញ្ជើញមកត្រួតពិនិត្យផ្លូវរបស់លោកទេសរដ្ឋមន្រ្តី បាន ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរស់តាមបណ្តោយផ្លូវជាតិលេខ២ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់បានរអ៊ូរទាំពីការលំបាកនៅពេលពួកគេ ធ្វើដំណើរឆ្លងកាត់នៅផ្លូវជាតិមួយខ្សែនេះ។

នៅព្រឹកនេះលោក ស៊ុន ចាន់ថុល អមដោយមន្រ្តីក្រសួងជាច្រើនរូបទៀត បានធ្វើដំណើរតាមរយន្ត និង ចុះពិនិត្យដោយផ្ទាល់នៅលើកំណាត់ផ្លូវជាតិលេខ២ពីរនេះចាប់តាំងពីរង្វង់មូលតាខ្មៅ ខេត្តកណ្តាល រហូតដល់រង្វង់ព្រះនរាយណ៍ខេត្តតាកែវ។ លោក ស៊ុន ចាន់ថុល បានថ្លែងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអ្នករស់នៅសងខាងផ្លូវ ក៏ដូចជាធ្វើដំណើរឆ្លងកាត់ចំពោះភាពយឺតយ៉ាវនៅក្នុងការស្តារកំណាត់ផ្លួវមួយខ្សែនេះ។

លោក ស៊ុន ចាន់ថុល បានពន្យល់ថា ភាពយឺតយ៉ាវនេះដោយសារនីតិវិធីរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការជ្រើសក្រុមហ៊ុនប្រឹក្សាសាងសង់ និងក្រុមហ៊ុនមកធ្វើការសាងសង់នៅលើកំណាត់នេះ។ បើតាមលោក ស៊ុន ចាន់ថុល នីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនប្រឹក្សាយោបល់ ក៏ដូចជាក្រុមហ៊ុនសាងសង់អាចពន្យាររហូតដល់ឆ្នាំ២០១៩ ទើបចប់សព្វគ្រប់។

តែទោះជាយ៉ាងណា ដើម្បីដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្ន លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកនឹងស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្វែងរកថវិកាមកស្តារ និងជួសជុលផ្លូវនេះជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះ «យើងខ្ញុំមិនបានព្រងើយកណ្តើយចំពោះផលលំបាករបស់បងប្អូននោះទេ។ តែនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនប្រឹក្សាយោបល់ និងក្រុមហ៊ុនសាងសង់របស់រដ្ឋាភិបាលកូរ៉េមិនទាន់ចប់។ ដូច្នេះយើងខ្ញុំនឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វះស្វែងរកថវិកាជួសជុលបណ្តោះអាសន្នសម្រួលការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ»។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវជាតិលេខ២នេះ នឹងធ្វើឡើងចាប់ពីរង្វង់មូលតាខ្មៅ ខេត្តកណ្តាល រហូតដល់រង្វង់មូល ព្រះនរាយណ៍ខេត្តតាកែវ ដែលមានប្រវែងសរុបប្រមាណ ៥៧គីឡូម៉ែត្រ។ ការសាងសង់ឡើងវិញនេះ មានកំណាត់ផ្លូវខ្លះនឹងពង្រីកទៅជា ៤គន្លង ហើយកន្លែងខ្លះទៀតពង្រីកឲ្យបានធំជាងពេលបច្ចុប្បន្ន ដើម្បីសម្រួលការធ្វើដំណើរ។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការសាងសង់ឡើងវិញនូវផ្លូវជាតិលេខ២នេះ គឺទទួលបានកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។ ទោះជាយ៉ាងណាលោក ស៊ុន ចាន់ថុល មិនទាន់បានបង្ហើបពីទំហំទឹកប្រាក់ ដែលចំណាយសម្រាប់ការសាងសង់ផ្លូវមួយខ្សែននេះនៅឡើយទេ៕