(កណ្តាល)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធិ «បុណ្យរុក្ខទិវា» នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវ ឲ្យជនរួមជាតិទាំងអស់ មេត្តារួមគ្នាការពារភ្លើងឆេះព្រៃ បញ្ឈប់ការកាប់រានដីព្រៃឈើជាកម្មសិទ្ធិ ការកាប់ឈើខុសច្បាប់ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃ និងចូលរួមដាំដើមឈើឲ្យបានច្រើនជាអតិបរមា ដើម្បីបង្កើនគម្របព្រៃឈើឡើងវិញ។
ព្រះមហាក្សត្រ បានព្រះរាជបន្ទូលបន្ថែមថា ការចូលរួមរបស់ជនរួមជាតិនេះ បានបង្ហាញពីស្មារតី ទទួលខុសត្រូវលើជោគវាសនា អនាគតនៃធនធានព្រៃឈើ ដើម្បីកូនចៅយើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខាងលើនេះ បានធ្វើឡើងខណៈដែលព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងពិធី «បុណ្យរុក្ខទិវា» រៀបចំធ្វើឡើង នៅក្នុងភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នូល ខេត្តកណ្តាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
បន្ថែមពីលើនេះព្រះមហាក្សត្រ ព្រះអង្គបានអំពាវនាវអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ សូមមេត្តាបន្តការជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់ការគ្រប់គ្រង ការអភិវឌ្ឍ និងការកែទម្រង់វិស័យព្រៃឈើនៅកម្ពុជា។
ជាមួយគ្នានេះព្រះមហាក្សត្រ ក៏បានអំពាវនាវមន្រ្តីរាជការតាមក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស គ្រប់គ្រឹះស្ថានឧត្តមសិក្សា និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមមេត្តាបន្តប្រពៃណីដាំកូនឈើ ឲ្យបានសកម្ម និងគ្រប់ទីកន្លែង ព្រមទាំងបង្កើតឲ្យមាន «សួនដាំឈើ» ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ របស់យើងបានចូលរួមដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទសម្រាប់ជីវិតរស់នៅសុខសាន្ត និងបានស្ថិតស្ថេរយូរអង្វែងដល់កូនចៅជំនាន់ក្រោយ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់ទៀតថា «ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ និងផ្តល់នូវបុណ្យកុសល ដ៏ប្រពៃសម្រាប់មនុស្សគ្រប់ៗរូប ហើយធ្វើឲ្យមូលដ្ឋានរបស់យើងមានទេសភាពពណ៌បៃតង និងរស់រវើកគ្រប់ពេលរដូវកាល»។
តាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង អាជ្ញាធរខេត្តកណ្តាល បានកំណត់យកទីតាំងស្ថិតនៅភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រារព្ធពិធីរុក្ខទិវាលើកទី២៧ នៅលើផ្ទៃដីទំហំ១០ហិកតា ហើយកូនឈើដែលត្រូវយកមកដាំ នៅក្នុងពិធីនេះ រួមមានប្រភេទឈើក្រញូង ធ្នង និងគីនីន សរុបចំនួន៨,៨៣០ដើម៕