(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា រួមជាមួយសមាជិកាសមាគមនារីខេត្ត ព្រមទាំងក្លឹបហាត់ប្រាណរតនៈភ្នំពេញ ដែលដឹកនាំមកដោយលោក រ័ត្ន មុនី ធ្វើការនៅក្នុងអង្គភាពអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមជាសម្ភារ និងបច្ច័យដោយផ្ទាល់ រៀបចំទៀន សំពត់ និងបរិក្ខាចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន១១វត្ត នៅបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលមានទីតាំង ស្ថិតភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

លោក ម៉ៅ សោភ័ណ្ឌ ប្រធានគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានជម្រាបជូនថា ជារៀងរាល់ឆ្នាំ គឺឱ្យតែចូលមកដល់បុណ្យ ចូលព្រះវស្សា ទាំងថ្នាក់ដឹកនាំ ទាំងអាជីវករ និងបងប្អូនសម្បុរសជន ទាំងក្នុងខេត្តនិងក្រៅខេត្ត ដែលមានជំនឿ លើបារមី លោកឧកញា ឃ្លាំងមឿង តែងតែនាំមកនូវ ថវិកា ទៀនព្រះវស្សា និងគ្រឿងបរិក្ខា មកថ្វាយដល់លោកឧកញ៉ាយ៉ាងសន្លឹកសន្ធាប់មិនដែលខកខានឡើយ។

ជាក់ស្តែងឆ្នាំនេះ ដោយសារបារមីរបស់លោកឧកញ៉ា លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា ព្រមទាំងសមាជិកាសមាគមនារីខេត្ត និងបងប្អូននៅក្នុងក្រុមក្លឹបហាត់ប្រាណរតនៈភ្នំពេញ  មានសន្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទៀនវស្សា និងសម្ភារៈបរិក្ខាយ៉ាងច្រើន សម្រាប់បុណ្យចូលព្រះវស្សានៅក្នុងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ។

លោកបានលើកឡើងថា ដោយសារទៀនព្រះវស្សា និងបរិក្ខានៅទីនេះមានច្រើនប្រើប្រាស់មិនអស់ ទើបរូបលោកបានសុំការអនុញ្ញាតិពី លោកអភិបាលខេត្ត ក៏ដូចជាលោក លោកស្រីម្ចាស់ដើមទៀន និងប្រធានដើមបុណ្យ បានជ្រើសរើសយកវត្តអារាមចំនួន១១ ដែលមើលឃើញថាអត្តខាត់ជាងគេហើយនៅចុងកាត់មាត់ញក ធ្វើពិធីប្រគេនជារួម ដោយក្នុង១វត្តប្រគេនទៀនវស្សា១គូរ រួមជាមួយគ្រឿងបរិក្ខា គិតជាមធ្យមអស់ថវិកាជិត២លានរៀល រួមទាំងថវិកាកសាង២៥ម៉ឺនរៀល។ ចំពោះក្លឹបហាត់ប្រាណ របស់លោក រ័ត្នមុនីបន្ថែមថវិកាកសាងក្នុង១វត្ត បច្ច័យ៦៥ម៉ឺនរៀល និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បច្ច័យជាង១លានរៀល ព្រមទាំងបានកសាងរូបនាគទ្រពន្លឺ១គូរ អស់បច្ច័យ២៥០០ដុល្លារអាមេរិក ដែលធ្វើពិធីឆ្លងនៅថ្ងៃចូលព្រះវស្សានេះ។

ក្នុងនាមគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន និងជំនួសមុខឱ្យព្រះសង្ឃទាំង១១វត្ត លោកសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកអភិបាលខេត្ត និងសហការី ព្រមទាំងក្លឹបហាត់ប្រាណរតនៈភ្នំពេញទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា មកចូលក្នុងឱកាសបុណ្យចូលព្រះវស្សានាឆ្នាំនេះ នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់។ លោកបានជម្រាបជូនផងដែរថា បុណ្យចូលព្រះវស្សាគឺជាពេលវេលាមួយ ដែលព្រះសង្ឃគ្រប់វត្ត គង់ចាំព្រះវស្សាអស់រយៈពេល៣ខែ គឺមិននិមន្តត្រាច់ចរនោះឡើយបើមិនដូច្នោះទេ គឺមិនអាចទទួលការក្រាលគ្រងអង្គកឋិនទាននោះបានឡើយ ហេតុនេះហើយបានជាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ តែងតែរួបរួមសាមគ្គីគ្នា បង្កើតឱ្យមានទៀនព្រះវស្សា និងគ្រឿងបរិក្ខានេះឡើង ដើម្បីចូលរួមជួយទំនុកបំរុង ដល់ព្រះសង្ឃរហូតដល់ចេញព្រះវស្សា៕