(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរិះគន់ គណបក្សសង្រ្គោះជាតិ ថាបានអនុវត្តផ្ទុយនឹងលក្ខខណ្ឌក្នុងការដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់ បន្ទាប់ពីធ្លាយវីដេអូមួយដែលបង្ហាញថា មេឃុំថ្មីម្នាក់របស់គណបក្សសង្រ្គោះជាតិ នៅឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលឡើងប្រកាសប្តេជ្ញាចិត្តពេលឡើងកាន់តំណែង នាថ្មីៗនេះនោះ មិនចេះអាន និងសរសេរអក្សរ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សសង្រ្គោះជាតិ ពិចារណា នៅក្នុងការផ្លាស់ប្តូរមេឃុំថ្មីរបស់ខ្លួនដែលមិនចេះអក្សនោះ ហើយដាក់មេឃុំដែលអាចចេះអាន និងសរសេរអក្សខ្មែរ ដើម្បីឱ្យត្រឹមត្រូវ តាមលក្ខន្តិកៈឡើងវិញ។
លោក ខន កែវមនោ អ្នកនាំពាក្យគ.ជ.ប បានថ្លែងថា តាមលក្ខខណ្ឌនៃការដាក់បេក្ខជន គឺរាល់បេក្ខជនដែលឈរឈ្មោះ សម្រាប់ការបោះឆ្នោត ឃុំសង្កាត់ ត្រូវតែជាអ្នកដែលអាចចេះសរសេរ និងអានអក្សខ្មែរ ប៉ុន្តែគ.ជ.ប មិនបានធ្វើតេស្តចំពោះបេក្ខជនទាំងនោះទេ គឺពឹងលើការរៀបចំ របស់ គណបក្សនយោបាយទាំងស្រុង។ លោកថា ឥឡូវ បញ្ហានេះគឺលែងស្ថិតនៅលើគ.ជ.បទៀតហើយ គឺស្ថិតនៅលើគណបក្សនយោបាយ និង ក្រសួងមហាផ្ទៃ។
លោកបានថ្លែងយ៉ាងដូច្នេះថា «លក្ខខណ្ឌនៃការចុះបញ្ជីគណបក្សនយោបាយ គឺរាល់ការចុះបញ្ជីបេក្ខជន គឺត្រូវកំណត់ ត្រឹមអាចចេះអាន និងសរសេរភាសាខ្មែរ ប៉ុន្តែពេលដាក់ពាក្យចុះបញ្ជី គឺអត់មានធ្វើតេស្តទេ វាអាស្រ័យទៅលើការរៀបចំរបស់គណបក្សនយោបាយនីមួយៗ អញ្ចឹងបើបេក្ខជនហ្នឹង ជាប់ឆ្នោតហើយ ការងារនេះវាលែងស្ថិតនៅក្នុងបន្ទុកគ.ជ.ប ហើយ ព្រោះក្រសួងមហាផ្ទៃ ប្រកាសសុពលភាពរួចហើយ អញ្ចឹងនោះ គឺជាបញ្ហារបស់គណបក្ស»។
លោកបានបន្តថា «បើគាត់(គណបក្សសង្រ្គោះជាតិ) ដឹងថា បេក្ខជនរបស់គាត់ មិនទាំងចេះអាន និង សរសេរអក្សផង គាត់គួរតែធ្វើការផ្លាស់ប្តូរ វាជារឿងរបស់គណបក្ស»។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនជំទាស់នឹង ការដាក់បេក្ខជនមានកម្រិតវប្បធម៌ទាបនោះទេ ប៉ុន្តែលោកថា មេឃុំទាំងអស់ត្រូវតែអាចអាន និងសរសេរអក្សខ្មែរ បើមិនដូច្នោះទេ នឹងមានការលំបាកច្រើនក្នុងការបំពេញតួនាទីរបស់គាត់។
លោកថ្លែងថា៖ «បើគាត់ធ្វើការទៅមិនកើត ឬវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងារបម្រើដល់ប្រជាពលរដ្ឋ គាត់គួរតែលាលែងពីតំណែង ហើយអ្នកឈរនៅលេខរៀងបន្ទាប់ពីគាត់ ត្រូវឡើងជំនួស តំណែងរបស់គាត់»។
ការប្រតិកម្មបែបនេះ បែរជាលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា ការដាក់បេក្ខជន ដែលរងការរិះគន់ថា មិនចេះអាន និងសរសេរអក្សនេះ គឺតម្រូវតាមចិត្តជនជាតិដើមភាគតិចចារាយ ដែលមេឃុំថ្មីរបស់គណបក្សសង្រ្គោះជាតិនេះ គឺជាជនជាតិភាគតិច រស់នៅតំបន់នោះ ហើយពលរដ្ឋដែលភាគច្រើនជាជនជាតិភាគតិចនោះ មិនត្រូវការអ្នកមានបរិញ្ញាបត្រ ឬបណ្ឌិតទេ។
លោកបានបញ្ជាក់នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃព្រហស្បត្តិ៍ថា «នៅឃុំសោមធំ និងឃុំដទៃទៀតនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានជនជាតិដើមភាគតិចចារ៉ាយភាគច្រើនរស់នៅទីនោះ អស់លោកមានចំណេះថ្នាក់បរិញ្ញាប័ត្រឬ បណ្ឌិត ទៅឈរឈ្មោះជាបេក្ខជនមេឃុំ មិនអាចជាប់ឆ្នោតជាមេឃុំឡើយ ព្រោះបងប្អូនជនជាតិ ដើមភាគតិចចារ៉ាយ គាត់មិនស្គាល់លោកបណ្ឌិត ឬលោក បរិញ្ញា អីទេ គឺពួកគាត់ស្គាល់តែជនជាតិដើមចារ៉ាយគ្នាគាត់ ដែលរស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា តែប៉ុណ្ណោះ» ។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានមហាជនជាច្រើន បានរិះគន់ដល់មេឃុំថ្មីរបស់គណបក្សសង្រ្គោះជាតិ លោក ក្លាន ហ្វេស មេឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលបានឡើងប្តេជ្ញាចូលកាន់តំណែងជាមេឃុំ ក្រោមអធិបតីភាពលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ហើយសារភាពថា រូបគាត់មិនចេះអាន និងសរសេរអក្សទេ។
ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ បាននិយាយថា «សូមគោរព...អស់លោក...លោកស្រី...បងប្អូនប្រជាពលរដ្ឋ ខ្ញុំថ្ងៃនេះ...អត់ចេះនិយាយ...អត់ចេះអានផង ខ្ញុំថ្ងៃនេះខ្ញុំទទួលមេឃុំសោមធំ សម្រេចចិត្តធ្វើឲ្យប្រជាពលរដ្ឋ ខំបោះឆ្នោតឲ្យ...ប្រជាពលរដ្ឋជាប់ឆ្នោត....។ល។...»។ ជាងនេះទៅទៀត លោកមេឃុំថ្មី បានសន្យាថា នឹងអភិវឌ្ឍឃុំ តែនិយាយថា មិនដឹងបានលុយមកពីណា ហើយ ពេលសួរថា ការឃោសនាថា បោះឆ្នោតឱ្យបក្សលោកបានលុយ៥០ម៉ឺនដុល្លារ តើអាចយកលុយនឹងមកអភិវឌ្ឍឃុំបានទេ មេឃុំថ្មីរូបនោះ ឆ្លើយថា «ខ្ញុំថាតាមគេមិនដឹងគេបោកយ៉ាងណា!?»៕