(សៀមរាប)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសជាផ្លូវការ តែងតាំងអធិការនគរបាលក្រុងសៀមរាប ជាស្នងការនគរបាលខេត្ត ហើយស្នងការបច្ចុប្បន្ន ត្រូវផ្ទេរទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃវិញ។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការ របស់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
តាមសេចក្តីប្រកាសនេះ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការបច្ចុប្បន្ន ត្រូវបានផ្ទេរភារកិច្ចទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ហើយលោក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបវិញ ត្រូវតែងតាំងជាស្នងការនគរបាលខេត្តជំនួសវិញ។
បើមិនមានការប្រែប្រួលទេ ពិធីផ្លាស់ប្តូរជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ឮ
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ត្រូវបានតែងតាំង ជាស្នងការនគរបាលខេត្តសៀមរាប ត្រឹមរយៈជាង២ខែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ ក៏ត្រូវបានថ្នាក់លើធ្វើការ ផ្លាស់ប្តូរតែម្តង ខណៈស្នាដៃក្នុងរយៈពេលកាន់តំណែងនេះ គេសង្កេតឃើញលោកស្នងការបានបញ្ជា និងដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសបានយ៉ាងច្រើនផងដែរ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន។
យ៉ាងណាក៏ដោយ សម្រាប់លោក ទិត្យ ណារ៉ុង បច្ចុប្បន្នមានអាយុ៥៧ឆ្នាំ ដែលគ្រោងឡើងជាស្នងការនគរបាលខេត្តថ្មីនេះ ត្រួវបានគេដឹងថា បានចូលបម្រើការងារតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ៕