(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមចំណែកទ្រទ្រង់ ដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សាលោក សាយ បូរិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំដូនតី នាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅប្រគេនដល់ព្រះសង្ឃ ដែលត្រូវចូលចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តចំនួន៦ នៅក្នុងឃុំដូនតី ស្រុកពញាក្រែក ដែលធ្វើនៅវត្តព្រៃអង្គរក្រៅ នារសៀលថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០១៧។
លោក សាយ បូរិន បានថ្លែងថា ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ ដូចនេះទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវប្រគេនព្រះសង្ឃក្នុងពេលនេះ ជាការចាំបាច់បំផុតជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញដោយ បរិបូរណ៍តាមជំនឿ។
លោកបន្តថា ពិធីនេះបានបង្ហាញឲ្យឃើញនូវជំនឿ និងផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដែលជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់តរៀងមក ក្នុងការជួយឧបត្ថម្ភគាំទ្រ បង្កលក្ខណៈងាយស្រួល ទំនាក់ទំនងល្អនៃស្ថាប័នទាំង២។
ជាមួយគ្នានោះ លោកបានអំពាវនាវ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តកាយវិការដ៏ប្រពៃនេះ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងសូមប្រកានើយកនូវធម៌មេត្តា ករុណា សណ្តោស និងខន្តី ធ្វើជាគំរូល្អ ដល់កូនចៅជំនាន់ក្រោយ ឲ្យខិតខំយកចិត្តទុកដាក់ ស្វាធ្យាយរផនសូត្រព្រះធម៌ ព្រះវិន័យ និងបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយរៀរចាកនូវអំពើមិនគម្បីទាំងឡាយ ដែលអាចធ្វើឲ្យពុទ្ធបរិស័ទអស់ជំនឿ ឬអាប់ឱនដល់ព្រះពុទ្ធសាសនា៕