(ត្បូងឃ្មុំ)៖ ​ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងនគរបាលជំនាញ​ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត​ត្បូងឃ្មុំ បានបង្ក្រាបទីស្ដុក និងចែកចាយ ធូបអូសមួយកន្លែង រឹបអូសបានធូបមូសជិត២០តោន នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង។

លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ក្រោមការសម្របសម្រួលពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងខេត្តត្បូងឃ្មុំ និងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន ​ស៊ិន ឡុង ជិន​បៀន​។

លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បន្ថែមថា ទីតាំងនេះមានម្ចាស់ឈ្មោះ​ វួច ហ៊ាង ភេទស្រី អាយុ​៤០ឆ្នាំ ហើយក្នុងនោះជំនាញ​រកឃើញ និងដកហូតនូវ ធូបមូសក្លែងក្លាយសរុបចំនួន​១៧,៨៧០គីឡូក្រា​ម ក្នុងនោះមានធូបមូសវេចខ្ចប់រួចចំនួន​១១០​កេស ធូបដើមដាក់ក្នុងការ៉ុង មិនទាន់វេចខ្ចប់ ចំនួន​៥១៤ការ៉ុង និងសំបកវេចខ្ចប់មួយចំនួនទៀត​។

ក្រោយបញ្ចប់ប្រតិបត្តិការ​ វត្ថុតាងត្រូវបានរក្សា​ក្នុងទីតាំងខាងលើ ដោយផ្លុំបេទុក ដើម្បីរង់​ចាំការសម្រេចពីតុលាការ ហើយបានហៅម្ចាស់ទីតាំងមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី​៕