(កំពង់ចាម)៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ ដោយមានការចូលរួមពីលោក លី អាន (Li An) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា បានចុះពិនិត្យគម្រោង កែលំអរផ្លូវជាតិលេខ៦ កំណាត់ពីថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ទៅអង្រ្គងក្នុងខេត្តសៀមរាបប្រវែង២៤៨,៥៣ គម ដែលកំពុងតែអនុវត្តសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd។
ផ្លូវជាតិលេខ៦ចាប់ពីចំណុចថ្នល់កែងទៅដល់អង្គ្រង មានប្រវែងសរុប២៤៨,៥៣ គម ត្រូវបានសាងសង់ឡើងវិញ ដោយបែងចែកជា៣ផ្នែក ដោយផ្នែកទី១ ចាប់ពីថ្នល់កែងទៅស្គន់ ប្រវែង ២៨,៧២៥ គម ត្រូវបានសាងសង់ពង្រីកជាផ្លូវ ៤គន្លង ហើយផ្នែកទី២ ចាប់ពីស្គន់ទៅស្ទឹងសែនប្រវែង១០២,៩ គម និងផ្នែកទី៣ ចាប់ពីស្ទឹងសែនទៅអង្គ្រងប្រវែង១១៦,៩ គម ត្រូវបានសាងសង់ឡើងវិញ ដោយក្រាលកៅស៊ូ AC លើទទឹងប្រវែង១១ ម នៃទទឹងផ្លូវសរុប១២ ម។ ការអនុវត្តគម្រោងសាងសង់ឡើងវិញនេះ ត្រូវអនុវត្តក្នុងរយៈពេល ៤២ ខែ ដោយបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ និងត្រូវបានបញ្ចប់ការសាងសង់រួចហើយ តែត្រូវបានពន្យាពេលដល់ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ដោយសារត្រូវកែតម្រូវគុណភាព ទៅតាមស្តង់ដារដែលបានកំណត់នៅក្នុងគម្រោងប្លង់។
បន្ទាប់ពីបានស្តាប់របាយការណ៍បច្ចេកទេស នៃការសាងសង់ដោយតំណាងក្រុមហ៊ុនសាងសង់ និងដោយតំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសរួចមកលោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះឆន្ទះ និងការទទួលយករបស់ក្រុមហ៊ុន ក្នុងការកែសម្រួលគុណភាព នៃការសាងសង់ឡើងវិញនៅក្នុងរយៈពេលកន្លងមក។
លោកក៏បានស្នើក្រុមហ៊ុនសាងសង់ឲ្យបន្តធ្វើការកែលំអរចំណុចសេសសល់មួយចំនួនទៀត សំដៅធ្វើយ៉ាងឱ្យផ្លូវជាតិលេខ៦ ដ៏សំខាន់នេះក្លាយជាសរសៃឈាមដ៏រស់រវើក សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាបានយូរអង្វែង។ តាមរយៈដំណើរនៃការចុះត្រួតពិនិត្យសាងសង់នេះផងដែរលោក វង្សី វិស្សុត ក៏បានស្នើដល់តំណាង ក្រសួងសាធារណការ និងដឹកជញ្ជូនបន្តស្នើសុំកិច្ចសហការជាមួយអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ការដឹកលើសទម្ងន់ ជាពិសេសការទន្រ្ទានសាងសង់សំណង់លើដីចំណីផ្លូវ ដែលបានដោះស្រាយផលប៉ះពាល់រួចហើយឱ្យបានគង់វង្ស ជាពិសេសនៅលើកំណាត់ផ្លូវវាងទីប្រជុំជនទាំងអស់។
គួរបញ្ជាក់ដែរថា ជាលទ្ធផល នៃដំណើរចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីបើកពីពណ៌ ចិន-អាស៊ាន លើកទី៨ កាលពីថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០១១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ភាគីមិត្តចិនបានសន្យាផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន៥០០ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ហិរញ្ញប្បទានលើគម្រោង៧ នៃបញ្ជីគម្រោងឆ្នាំ២០១២ ដែលក្នុងនោះ គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ៦ ថ្នល់កែង-អង្គ្រង បានប្រើប្រាស់ឥណទានសម្បទាន ជាប្រាក់ដុល្លារអាមេរិកចំនួន២៤២ ២៦៩ ០០០ ដុល្លារអាមេរិក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៦ ថ្នល់កែង-អង្គ្រងនេះ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមជាថវិកាបដិភាគសរុបប្រមាណ ៧២ ៨៦២ ៣៤៣ដុល្លារអាមេរិក សម្រាប់ការរួមចំណែកជាសាច់ប្រាក់អនុវត្តគម្រោង, ការដោះស្រាយផលប៉ះពាល់, ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រមទាំងទទួលបន្ទុកលើពន្ធអាករ និងសួយសារ៕