(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ឈ្មោះនៅក្នុងបណ្ណសំគាល់រថយន្ដបង្ក ដែលបាញ់ជិត១០គ្រាប់ កាលពីយប់មិញ នៅក្បែរទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ គឺជាឈ្មោះក្លែងក្លាយ ដោយសារតែ ក្រោយចុះទៅសួរនាំ ទៅដល់មូលដ្ឋាន ស្ថិតនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ គឺមិនមានឈ្មោះនេះរស់នៅទីនោះឡើយ ដូច្នេះមន្ទីរសាធារណការខេត្តព្រះសីហនុ បានចេញស្លាកលេខ ក្លែងក្លាយដល់ជនដែល មិនទីលំនៅក្នុងមូលដ្ឋាននោះឡើយ។
ជាមួយនឹងការលើកឡើងរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ខាងលើនេះ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក ណុប ហេង បានចេញមកបកស្រាយ និងបានអះអាងថា ស្លាកលេខរថយន្ត និងឈ្មោះម្ចាស់រថយន្តនោះ គឺត្រឹមត្រូវ មិនក្លែងក្លាយនោះឡើយ។ លោកបានបញ្ជាក់ថា ការធ្វើស្លាកលេខរថយន្ត ជូនប្រជាពលរដ្ឋជាទូទៅនោះ គឺសំអាងលើឯកសារដែលប្រជាពលរដ្ឋទាំងនោះ មានត្រឹមត្រូវ គ្រប់គ្រាន់ទៅតាមច្បាប់។ ជាក់ស្តែងករណីនេះ ម្ចាស់រថយន្តខាងលើនេះ មានទាំងអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់ពីនគរបាលប៉ុស្តិ៍រដ្ឋបាល ដូច្នេះមន្រ្តីជំនាញសាធារណការ នឹងធ្វើជូនពួកគាត់ហើយ។
លោក ណុប ហេង បានថ្លែងយ៉ាងដូច្នេះថា «មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការស្រាយបំភ្លឺក្នុងករណី ស្លាកលេខរថយន្ដ 2A-5981 គឺជាស្លាកលេខពិតប្រាកដ មិនមែនក្លែងក្លាយនោះទេ។ ម្ចាស់រថយន្ដមានអត្តសញ្ញាណប័ណ្ណ ទីលំនៅនៅរាជធានីភ្នំពេញ និងមានលិខិតបញ្ជាក់ទីលំនៅមួយទៀត ដែលគាត់ប្រហែលជាស្នាក់នៅបណ្ដោះអាសន្ន ចេញដោយប៉ូលីសសង្កាត់លេខ១ ដើម្បីធ្វើស្លាកលេខនៅខេត្តព្រះសីហនុ ដូចមានភ្ជាប់មកជាមួយនេះ»។
លោកបានបន្តទៀតថា «មន្ទីរចេញស្លាកដោយសម្អាងថា មានអត្តសញ្ញាណប័ណ្ណ លំនៅពិតប្រាកដ និងថែមទាំងមានលិខិតបញ្ជាក់ពី ប៉ុស្តិ៍រដ្ឋបាលផងដែរ។ ជារួមការធ្វើស្លាកលេខសម្រាប់អ្នករស់នៅខេត្ត ហើយទៅធ្វើស្លាកលេខនៅភ្នំពេញ គឺគ្រាន់តែបញ្ជាក់ទីលំនៅ ដូចចឹងដែរទៅជាការស្រេច។ ក្រោយមានការបញ្ជាក់ទីលំនៅ មន្ត្រីការិយាល័យ មិនមានសមត្ថកិច្ចថា ត្រូវចុះមើលដល់កន្លែងរស់នៅនោះទេ»។
នាយឧត្តមសេនីយ៍ស្នងការរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះថា «ក្រោយពីកម្លាំងសមត្ថកិច្ច របស់យើង សហការចុះទៅសួរនាំ ដល់មណ្ឌលក្នុងភូមិលេខ៣ និងនគរបាលប៉ុស្ដិ៍ សង្កាត់លេខ១ គឺគ្មានឈ្មោះដូចដែលមាននៅក្នុង កាតគ្រីរថយន្ដនោះឡើយ អញ្ចឹងមានតែមន្ទីរសាធារណការ ខេត្តព្រះសីហនុ ចេញស្លាកលេខរថយន្ដទៅឲ្យមនុស្សក្លែងក្លាយ»។
យោងតាមប័ណ្ណសម្គាល់រថយន្ដបង្កដែលបង្ហាញ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដឈ្មោះ ទូច បូភាព មានទីលំនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តទៀតថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្ដធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ ស្វែងរកទីលំនៅរបស់ជនបង្ក ដើម្បីឈានទៅដល់ ការចាប់ខ្លួន។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដ៏តឹងរឹង ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល ខេត្តពាក់ព័ន្ធទាំងអស់ តាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់ ទាំងកណ្ដាលយប់ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់មិញ យកមកផ្តន្ទាទោស ឲ្យខានតែបាន មិនឲ្យរួចខ្លួនជាដាច់ខាត។
សូមបញ្ជាក់ថា កាលពីយប់មិញស្នូរគ្រាប់កាំភ្លើងជិត១០គ្រាប់ បានបន្លើឡើងនូវចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកំសាន្ដ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ដោយមិនដឹងមូលហេតុ រួចបើកគេចខ្លួនដោយសុវត្ថិភាព៕