(ភ្នំពេញ)៖ ក្រោយធ្លាយរឿងក្រសួងកសិកម្ម ប្រគល់សិទ្ធិធ្វើអាជីវកម្មប្រមូលផល អនុផលព្រៃឈើនៅលើដីសង្គមកិច្ច ជាង៦០០០ហិកតានៅខេត្តរតនគិរីដែលគេសង្ស័យថា អាចជាអំពើឃុបឃិតគ្នាដើម្បីកាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងព្រៃសហគមន៏នៅក្បែរៗនោះរួចមក ស្រាប់តែមានមន្ត្រីអាជ្ញាធរនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចេញមុខបកអាក្រាតថាក្រុមហ៊ុន ដួង ស្រួច នេះបានធ្វើឲ្យអាជ្ញាធរស្រុកនិងខេត្តឆ្អែតចិត្តមិនតិចទេ ដីសង្គមកិច្ចតែជាង១៥០០ហិកតាទេ ក្រុមហ៊ុននេះកាប់ឈើឈូសឆាយជិត១០ឆ្នាំហើយ នៅមិនទាន់រួចរាល់ទៀត មិនដឹងឆ្នាំណាទើបគេឈូសឆាយហើយទេ។
មន្ត្រីជាន់ខ្ពស់មួយរូបនៅសាលាស្រុកជាំក្សាន្ត បានថ្លែងប្រាប់ការិយាល័យនិពន្ធ Fresh News តាមទូរស័ព្ឌកាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះថា កន្លងមកសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានសំរេចប្រគល់ដីចំនួន១៥៥៤ហិកតា នៅក្នុងជាំក្សាន្តឲ្យអាជ្ញាធរសំរាប់ធ្វើជាដីសង្គមកិច្ចចែកជូនប្រជាពលរដ្ឋ តែមុននឹងធ្វើការបែងចែក អាជ្ញាធរជំនាញបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន ដួង ស្រួច ធ្វើអាជីវកម្មកាត់ប្រមូលផល អនុផលព្រៃឈើនៅលើដីនេះ ដើម្បីលក់យកលុយបង់ពន្ធជូនរដ្ឋជាមុនសិន តែមកដល់ពេលនេះ មានរយៈពេលជិត១០ឆ្នាំហើយ ក្រុមហ៊ុននៅមិនទាន់កាប់ប្រមូលផលអស់ទៀត មិនដឹងឆ្នាំណាទើបប្រមូលផលអស់ទេ ពេលសួរទៅគេឆ្លើយថានៅរហូត តែតាមព័ត៌មានគឺក្រុមហ៊ុននេះ បានប្រើឲ្យគេទៅកាប់ឈើពីតំបន់ផ្សេងៗនៅក្បែរៗនោះ ដូចជានៅព្រៃសហគមន៏ព្រះរការ ព្រៃសហគមន៏ឈើភ្លើង...ជាដើម រួចហើយដឹកចូលដីដែលក្រុមហ៊ុនគ្រប់គ្រង អារ ច្រៀកដឹកចេញយកទៅលក់ស្រេចនឹងចិត្ត ដោយកន្លងទៅ ខាងសហគមន៏ និងអាជ្ញាធរថែមទាំងធ្លាប់ចាប់បានរថយន្តរ៉េវ របស់ក្រុមហ៊ុនដឹកឈើចេញពីព្រៃសហគមន៏ចូលទៅដីក្រុមហ៊ុនទៀតផង។
ពេលខ្លះផុតអាជ្ញាប័ណ្ណហើយ ខាងអាជ្ញាធរទៅសួរនាំដើម្បីឲ្យក្រុមហ៊ុនប្រគល់ដីស្រាប់តែក្រុមហ៊ុនរត់ការទៅក្រសួង បានអាជ្ញាប័ណ្ណធ្វើអាជីវកម្មបន្តទៀត ពិតជាពូកែមែន។ ចំណែកប្រជាពលរដ្ឋបានត្រឹមចោទមកអាជ្ញាធរថាសម្ដេចតេជោ ហ៊ុន សែន ប្រគល់ដីសង្គមកិច្ចឲ្យយកទៅចែករាស្ត្រក្រីក្រ តែក្រុមហ៊ុនមិនព្រមចែកឲ្យទេ ផ្អិបទុកចែកគ្នាទៀតផង។ ចំណែកផ្លូវនៅក្នុងមូលដ្ឋានវិញ រងនូវការខូចខាតដោយសាររថយន្តក្រុមហ៊ុនដឹកឈើ ពេលអាជ្ញាធរស្នើឲ្យក្រុមហ៊ុនជួសជុលស្រេចតែក្រុមហ៊ុនធ្វើមិនដឹង។
ដោយឡែកមន្ត្រីជាន់ខ្ពស់សាលាស្រុកជាំក្សាន្តមួយរូប បានចូលទៅសរសេរនៅក្នុងគ្រុបរបស់អ្នកកាសែត នៅក្នុងខេត្តព្រះវិហារជាការឆ្លើយតប ខណៈគ្រុបអ្នកកាសែតនោះបានយកអត្ថបទនិយាយពីរឿងក្រុម ហ៊ុនដួង ស្រួចបន្លំកាប់ឈើពីក្រៅដឹកចូលក្នុងដីក្រុមហ៊ុននេះថា «ខ្ញុំសុំបញ្ចេញមតិខ្លៈរឿងក្រុមហ៊ុនខាងលើនេៈ,ដីសម្បទានសង្គមកិច្ចរបស់ស្រុកជាំក្សាន្តក្នុងឃុំរំដោៈស្រែ រង់ចាំមក១០ឆ្នាំហើយក្នុងទំហំដី១៥៥៤ហិកតា ក្រុមហ៊ុននេៈយកឈើមិនចេៈអស់សោៈ ខ្ញុំបានធ្វើពាក្យទៅលើរួចហើយ ដោយពិនិត្យឃើញថាអាជ្ញាបណ្ណ័ហួសកាលកំណត់ស្នើសុំឲ្យផ្អាក តែកាពិតក្រសួងកសិកម្មនៅតែបន្តឲ្យទៀត ទាំងអស់នេៈហាក់ដូចជាប្រជាជន ឃុំ ស្រុកមិននៅក្នុងខ្សែភ្នែកសោះ ខ្ញុំគ្រាន់តែចង់សួរថាតើចំណូលពីការបង់ពន្ធហើយមេព្រៃចេៈតែចេញប៉េសេ មិនបានទៅពិនិត្យប្រភពឈើដល់ពេលណាទៀត។ ល្មមឈប់ហើយ លោកអើយប្រជាជនខ្ញុំ រង់ចាំដីដែលសម្តេចបានប្រគល់ឲ្យតែក្រុមហ៊ុននេៈគេថាមិនទាន់ប្រមូលអនុផលព្រៃឈើអស់ ពេលប្រជុំខ្ញុំដាក់បទបញ្ជារឲ្យមេព្រៃ ធ្វើរបាយការណ៍ឲ្យខ្ញុំ តើនៅសល់ដើមឈើប៉ុន្មានទៀត មកដល់ពេលនេៈ បីខែហើយនៅមិនទាន់បានរបាយការណ៏ទេ និយាយបានតែខ្សែគេធំណាស់ តែប៉ុណ្ណោៈសុំកុំយល់ច្រទ្បំខ្ញុំអី ខ្ញុំមកធ្វើការនៅស្រុកនេះ មកដល់ថ្ងៃនេៈមិនទាន់លក់កិត្តិយស និងឧត្តមកតិឲ្យក្រុមហ៊ុនណាមួយនៅទ្បើយទេ មានតែខ្ចីលុយគេយកមកជួយរាស្រ្តក្នុងស្រុកជាំក្សាន្ត»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ដួង ស្រួច គ្រុប ដែលទទួលបានអាជ្ញាប័ណ្ណឈូសឆាយដីនៅក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ តែធាតុពិតកាប់តែឈើអារ លក់ដោយឈើប្រណីត កាប់លក់ឲ្យក្រុមហ៊ុនផ្សេងចាំទិញ និងឈើលេខ២ ឈើក្រៅលំដាប់ថ្នាក់ខ្លួនឯង កាប់អារដឹកលក់ពេញផ្ទៃប្រទេសរហូតដល់ផ្ដល់លុយឲ្យប្រជាពលរដ្ឋក្រីក្រចូលទៅកាប់ឈើនៅក្នុងព្រៃសហគមន៏ព្រះរកា ព្រៃសហគមន៏ឈើភ្លើងកោងយ៉ោង នៅក្នុងស្រុកជំក្សាន្ត ខេត្តព្រះវិហាររាប់ឆ្នាំមកហើយនោះ ឥឡូវទំនងអស់ឈើកាប់ក៏រត់ការទៅទទួលបានសិទ្ធិបោសសំអាតដីសង្គមកិច្ចជាង៦០០០ហិកតា នៅក្នុងស្រុកបរកែវ និងស្រុកលំផាត់ ខេត្តរតនគិរីទៀតហើយ។
មន្ត្រីមួយរូបដែលដឹងរឿងនេះ បានបង្ហើបឲ្យដឹងថា ការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន ដួង ស្រួច គ្រុប ធ្វើអាជីវកម្មកាត់ប្រមូលផលអនុផលព្រៃឈើ ពីគម្រោងដីសម្បទានសង្គមកិច្ច ដែលមានទំហំ៦១៣១,០៧៩៣ហិកតា នៅក្នុងស្រុកបរកែវ និងស្រុកលំផាត់ ខេត្តរតនគិរីថ្មីៗនេះ គឺគ្រាន់តែជាលេសដើម្បីបានសិទ្ធិកាប់ និងដឹកជញ្ជូនឈើស្របច្បាប់តែប៉ុណ្ណោះ តាមពិតពាក្យថាដីសង្គមកិច្ចដែលរាជរដ្ឋាភិបាលកាត់ទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងបំរើឲ្យប្រយោជន៏សាធារណៈជាដើមនោះ ទាល់តែដីនោះជាដីព្រៃរិចរិល ទើបរាជរដ្ឋាភិបាលកាត់ធ្វើដីសង្គមកិច្ចចុះបើដីរិចរិល តើមានព្រៃឈើមកពីណាទៀត សំរាប់ឲ្យក្រុមហ៊ុន ដួង ស្រួច ឈូសឆាយកាត់ធ្វើអាជីវកម្មនោះ?។
តាមអ្នកដឹងរឿងបានអះអាងថា តាមពិតដីដែលគេប្រគល់សិទ្ធិឲ្យក្រុមហ៊ុន ដួង ស្រួច ធ្វើអាជីវកម្មកាត់ប្រមូលផលអនុផលព្រៃឈើនោះ គឺគ្មាន ដើមឈើសំរាប់ធ្វើអាជីវកម្មទៀតទេ គឺឈើនៅតំបន់នោះគេកាប់អស់ជាយូរឆ្នាំមកហើយ មានតែឈើធ្វើអុសប៉ុណ្ណោះ តែមូលហេតុដែលក្រុមហ៊ុន ដួង ស្រួច រត់ការយកធ្វើអាជីវកម្មគឺដើម្បីកាប់ឈើចេញពីតំបន់ដែនជម្រកព្រៃលំផាត់ និងព្រៃសហគមន៏នៅជាប់ក្បែរៗនោះតែប៉ុណ្ណោះ ព្រោះតំបន់នោះ កាលរាជរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ហ័ង អាញ់ របស់វៀតណាមធ្វើអាជីវកម្មដាំកៅស៊ូ ដូងប្រេង...ជាដើម នោះគឺក្រុមហ៊ុនដែលទទួលបានសិទ្ធិឈូសឆាយ សំអាតដីបានកាប់ទន្ទ្រានយកអស់គ្មានសល់នោះទេ។
មន្ត្រីជំនាញមួយចំនួននៅខេត្តរតនគិរី ដែលត្រូវបានគេអញ្ជើញឲ្យទៅចូលរួមវាស់វែងកំណត់ព្រំដីសង្គមកិច្ចតាមការស្នើសុំពីក្រុមហ៊ុន ដួង ស្រួច បាននាំគ្នារិះគន់ថា ថ្នាក់លើចេះតែចេញច្បាប់ឲ្យហើយ មិនចេះមើលទេអី! ឬមួយជាការឃុបឃិតគ្នាដើម្បីឲ្យគេកាប់ឈើលក់ចែកប្រយោជន៏គ្នាទេដឹង!។ ក្នុងនោះមន្ត្រីនៅខេត្តរតនគិរីបានសំណូមពរ សូមឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលជួយពិនិត្យមើលរឿងនេះឲ្យបានល្អិតល្អន់ផង ប្រយ័ត្នមន្ត្រី និងឈ្មួញឃើញកន្ទេលធំនាំគ្នាបន្លំដេក។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ ការិយាល័យនិពន្ធព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុន ដួង ស្រួច បានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ទាក់ទង៕