(កណ្តាល)៖ លោក លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល និងលោកស្រី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំសហការីជាច្រើនរូបទៀត នាំយកទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃចំនួន៥២វត្ត និងសាលាបុណ្យចំនួន១៥ ទូទាំងស្រុកពញឭ។
អមជាមួយទៀនព្រះវស្សាលោក លឹម គានហោ និងលោកស្រី បានក៏បានរៀបចំផងដែរសម្រាប់វត្ត ឬសាលាបុណ្យនីមួយៗនូវអង្ករចំនួន២០០គក ត្រីខ១កេសធំ, មី១កេសធំ, ប្រេងម៉ាស៊ូត៣០លីត្រ ព្រមទាំងទេយ្យទាន និងបច្ច័យមួយចំនួនទៀត។
ក្នុងឱកាសប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃខាងលើនេះ លោក លឹម គានហោ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤កន្លងទៅនេះ។
លោក លឹម គានហោ បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសានាបានបំផ្លិចបំផ្លាញ បាត់បង់ ស្ទើរតែទាំងស្រុង នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបតែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទើបធ្វើឲ្យវិស័យព្រះពុទ្ធសាសនា បានរស់រានមានជីវិតជាថ្មីឡើងវិញ និងមានការរីកចម្រើនដល់សព្វថ្ងៃ។
ប្រធានក្រុមការងាររូបនេះ លើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដឹកនាំប្រទេសជាតិឲ្យមានសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរួមមានទាំងវិស័យព្រះពុទ្ធសាសនាផងដែរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង៕