(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បកស្រាយជុំវិញបញ្ហាយកកម្លាំងទាហ៊ាន២-៣នាក់ មកយាមដីរបស់ខ្លួន ហើយលោកថាបញ្ហាដីដោះស្រាយជាមួយភាគីទាំង២តាមច្បាប់។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ចេញមុខបកស្រាយរឿងទាំងអស់នេះថា ចំណុចទី១៖ចំពោះបញ្ហាដែលលោក បានចាក់ដីរំលោភចូលដីប្រជាពលរដ្ឋ ប្រមាណ២០ម៉ែត្រនោះ គឺមិនមានពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ចំនួន១០៨គ្រួសារនោះឡើយ គឺពាក់ព័ន្ធតែជាមួយ លោក យី សុខហេង ម្នាក់តែប៉ុណ្ណោះ ហើយភាគីទំនាស់ចាំទៅដោះស្រាយនៅចំពោះមុខច្បាប់។
ដោយឡែកចំណុចទី២៖ចំពោះបញ្ហាដែលថា បានបញ្ជាកូនទាហានឲ្យទៅចាំដី គឺមិនពិតប្រាកដនោះទេ ដោយសារតែភាគីទំនាស់ម្ខាងទៀត គឺលោក យី សុខហេង បានឲ្យពលរដ្ឋជួយដឹកបង្គោលខ្សាច់ ថ្ម និងស៊ីម៉ង់ យកទៅដាក់លើដីទំនាស់ក្នុងបំណងដើម្បីដាំបង្គោលព្រំឃើញយ៉ាងដូច្នេះ លោកបានរាយការណ៍ទៅ ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត តែដោយបញ្ហាបន្ទាន់ពេក លោកបានប្រើកូនចៅចំនួន២ ទៅ៣នាក់ ទៅហាមឃាត់ឲ្យផ្អាកសកម្មភាពធ្វើដាំបង្គោលសិន រងចាំការដោះស្រាយតាមនិតិវិធីរួចរាល់សិន។
ជាមួយគ្នានោះ លោក យី សុខហេង បានឲ្យដឹងថា លោកមានដីនៅត្រង់នោះ ដោយឃើញភាគីគឺលោក ពេជ្រ វណ្ណា បានលួចចាក់ដីចូលក្នុងកន្ទុយដីខាងក្រោយប្រមាណ២០ម៉ែត្រ ដោយមិនបានជូនដំណឹង ទើបលោក និងពលរដ្ឋដែលមានទីតាំងដីជាប់នឹងព្រំដីដែលមានឯកសារគ្រប់គ្រាន់ទាំងអស់ ទៅដាំបង្គោលព្រំដី។
លោកបានបញ្ជាក់ថា ក្រោយពីលោកបានដឹងថា មានម្ចាស់ដីម្ខាងទៀតបានចាក់អាចម៍ដីចូលក្នុងដីប្រមាណ២០ម៉ែត្រ លោកបានទូរស័ព្ទឲ្យបងប្អូននៅជិតដីនោះឃាតអ្នកចាក់ដីភា្លម។ ម្យ៉ាងទៀត លោកឆ្ងល់ថាចុះហេតុអ្វីដីខាងមុខលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា មិនបានចាក់អាចម៍ចូលទេ តែបែជាមកចាក់ចូលដីខាងក្រោយរាងអក្សរ «L» ទៅវិញ ក្រោយមកលោកបានឃើញដូច្នេះ បានឲ្យបងប្អូនអ្នកភូមិទិញបង្គោលថ្ម ដើម្បីបោះបង្គោលព្រុំ ដែលត្រូវបានលោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា លួចឈួសឆាយបង្គោលព្រំ និងថែមទាំងចាក់ដីមកចូលដីនៅផ្នែកខាងក្រោយទៀត ហើយភ្លាមនោះស្រាប់តែលេចមុខឃើញមានទាហាន២-៣នាក់ ចូលហាមឃាត់មិនអនុញ្ញាតិឲ្យបោះបង្គោលឡើយ និងបាននិយាយថា «មិនអាចបោះបានទេ ព្រោះមេខ្ញុំ (លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា) មិនអនុញ្ញាតិឲ្យបោះឡើយ គឺរង់ចាំជួបគ្នានៅចំពោះមុខច្បាប់»។
លោកបន្ថែមថា លោកត្រូវបានលោក ពេជ្រ វណ្ណា ឲ្យជួបគ្នាដើម្បីពិភាក្សាគ្នានៅក្នុងសាលាក្រុង និងបានអញ្ជើញលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ជួយសម្របសម្រួលផងដែរ ដោយមានបងប្អូនប្រមាណជិត១០នាក់ ដែលពាក់ព័ន្ធនឹងដីមានបញ្ហាខាងលើនោះ បានចូលរួមប្រជុំផងដែរ។
លោកថា បានប្រមូលឯកសារជាច្រើនជូនលោកអភិបាល ក្រុងប៉ោយប៉ែត ដើម្បីពិនិត្យដោះស្រាយ ប៉ុន្តែចំណែកលោក ពេជ្រ វណ្ណា មិនបានបង្ហាញឯកសារអ្វីទាំងអស់ចេញឡើយ ដោយលោកអះអាងថា ប្លង់ដីគាត់ គឺស្ថិតក្នុងដៃមេធាវីជាអ្នករក្សាទុកទៅវិញ ត្រង់កន្លែងនេះគឺលោក ក៏ដូចជាប្រជាពលរដ្ឋមានការងឿងឆ្ងល់ខ្លាំងណាស់ បើលោក ពេជ្រ វណ្ណា មានឯកសារគ្រប់គ្រាន់ ហេតុអ្វីចាំបាច់លាក់លៀមនៅចំពោះមុខអាជ្ញាធរទៅវិញ។
ជាលទ្ធផល នៃកិច្ចប្រជុំការដោះស្រាយបញ្ហាដីទំនាស់ខាងលើនេះ មិនទទួលបានលទ្ធផលអ្វីទាំងអស់ ហើយលោក និងប្រជាពលរដ្ឋ បានស្នើសុំលោកអភិបាលក្រុងប៉ោយបែត ស្នើឲ្យភាគីខាងលោក ពេជ្រ វណ្ណា និងលោក អ៊ូ សុខា តំណាងម្ចាស់ប័ណ្ណទាំង១១ប័ណ្ណ ទៅកន្លែងទីតាំងដីដែលកើតហេតុ ដើម្បីបង្ហាញប្លង់ និងព្រំជាមួយគ្នាដើម្បីបញ្ជាក់បញ្ហា ជាក់ស្តែងពេលនោះឃើញមានតែវត្តមានលោក ពេជ្រ វណ្ណា និងក្រុមទាហ៊ានប្រមាណ៥-៦នាក់មក ហើយនិយាយគ្នាថា មិនចាក់ដីចូលក្នុងព្រំដីរបស់លោកទេ រង់ចាំជួបគ្នានៅតុលាការវិញ។
ប្រមាណ១ម៉ោងក្រោយមក លោក និងពលរដ្ឋបានទទួលដំណឹងថា លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានលួចទៅដាក់ពាក្យប្តឹង ទៅលោកអធិការនគបាលក្រុងប៉ោយប៉ែតទៅវិញ ដោយបានចោទលោកលួចទៅធ្វើរបងលើកម្មសិទ្ធិដីរបស់គាត់ទៅវិញ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ក្នុងនាមអាជ្ញាធរបានប្រឹងប្រែងខិតខំដោះស្រាយជូនពួកគាត់ តែបញ្ហានេះហួសដែនសមត្ថកិច្ចហើយ គឺបញ្ហាមានតែខាងសាលាដំបូងជាអ្នកដោះស្រាយប៉ុណ្ណោះ រឿងចាញ់ ឈ្នះជារឿងរបស់ភាគីទាំង២៕