(ក្រចេះ)៖ កម្លាំងអាវុធលើផ្ទៃប្រទេស អាវុធហត្ថខេត្តក្រចេះ បានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើក្រចេះ និងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បើកប្រិតបត្តិការ ចុះទៅបង្ក្រាបទីតាំងលាក់ឈើអត់ច្បាប់ដ៏ធំមួយកន្លែង ស្ថិតនៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ។

មន្រ្តីអាវុធហត្ថខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ ត្រូវបានកម្លាំងឡោមព័ទ្ធ និងប្រមូលឈើតាំងពីល្ងាចថ្ងៃទី៧ ខែកក្កដា ហើយរហូតមកទាល់ពេលនេះ នៅមិនទាន់អស់នៅឡើយ។

លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងផងដែរថា «កម្លាំងអាវុធហត្ថ និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើកំពុងបង្ក្រាបការស្តុកឈើទាំងនេះជាប្រភេទ ឈើសុក្រំ និងឈើកកោះ ហើយរហូតមកទាល់ពេលនេះ កម្លាំងរឹបអុសបានចំនួន៣១ដុំហើយ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង»។

លោកនាយផ្នែកបន្តទៀតថា ឈើមាននៅក្នុងទឹកទៀត តែមិនទាន់ដឹងតួលេខថា ប៉ុន្មាននោះទេ ខណៈកម្លាំងនៅតែបន្ដរឹបអូសថែមទៀត នៅមិនទាន់បញ្ចប់ប្រិតបត្តិការ នៅឡើយទេ៕