(ភ្នំពេញ)៖ បុរសអ្នកលក់នំបុ័ងម្នាក់ ត្រូវបានអ្នកលក់នំបុ័ងដូចគ្នាម្នាក់ទៀត ដេញតាមរករឿង និងកាប់ប្រហារបណ្ដាលឲ្យរងរបួស ហើយខឹងកាប់មនុស្សមិនបាន ជនដៃដល់បានកាប់បំផ្លាញម៉ូតូ១គ្រឿង រងការខូចខាតយ៉ាងដំណំ ព្រមទាំងបម្រុងដុតចោលថែមទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ទាន់ ហើយជននោះបានរត់គេចខ្លួនទៅបាត់ស្រមោល។ បន្ទាប់មកបុរសរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប ឲ្យជួយអន្តរាគមន៍។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចច្រកចូល អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សោម មករា ហៅវ៉ិត អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង និងស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសដៃស្រាល ប៉ុន្តែម៉ូតូរបស់គេបានរងការខូចខាតយ៉ាងដំណំ ដោយសារជនសង្ស័យកាប់និងដាវសាមូរ៉ៃ បន្ទាប់មកជននោះ បានគេចខ្លួនបាត់ស្រមោល មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថាជាអ្នកលក់នំបុ័ងដែរ។
នៅមុនពេលកើតហេតុ ខណៈពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូម្នាក់ឯង ដឹកនំបុ័ងដើរលក់ស្រាប់តែលេចមុខ ជនដៃដល់ជិះម៉ូតូតាមក្រោយទៅដល់ បានចុចស៊ីផ្លេរ និងជែង រួចបានស្ដោះទឹកមាត់ដាក់ជនរងគ្រោះដែលមិនទាំងមានរឿងអ្វីជាមួយគ្នាទាល់តែសោះ មិនតែប៉ុណ្ណោះជននោះបានយកកែវកាហ្វេ បោកដាក់នៅនឹងមុខជនរងគ្រោះថែមទៀត។
បន្ទាប់ពីឃើញការរករឿងបង្កជម្លោះ ដោយមិនដឹងមូលហេតុពីសំណាក់ជនសង្ស័យ បែបនេះជនរងគ្រោះ ក៏បានតាមសួរនាំ ទើបបណ្ដាលឲ្យមានទំនាស់គ្នា កើតឡើងមួយប្រាវ ប៉ុន្តែក្រោយពេល ជជែកគ្នារួចជនរងគ្រោះក៏បានជិះម៉ូតូចេញ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះជនដៃដល់ជិះម៉ូតូដេញតាម និងបានទាញដាវសាមូរ៉ៃ១ដើម ដែលលាក់ទុកនៅក្នុងកញ្ឆេរនំបុ័ងដេញតាមកាប់ប៉ុនប៉ងសម្លាប់ ប៉ុន្តែជនរងគ្រោះបានផ្ដួលម៉ូតូរត់គេចចេញ ហើយជនសង្ស័យក៏បានកាប់បំផ្លាញម៉ូតូបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
មិនតែប៉ុណ្ណោះបានទាញយកដបសាំង ដែលគេលក់នៅក្បែរនោះ បម្រុងចាក់ដុតម៉ូតូជនរងគ្រោះចោលទៀត តែត្រូវបានអ្មកលក់ទាញ យកមកវិញនិងឃាត់ ទើបជនដៃដល់ខាងលើ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល បន្ទាប់មកជនរងគ្រោះបាន ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្ដង៕