(ភ្នំពេញ)៖​ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើង​ថា ការវិយោគវិស័យអប់រំចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ណាស់​ ក្នុងការបណ្តុះគំនិតច្នៃប្រឌិតជូនពួកគេ ដើម្បីក្លាយជាមនុស្សដឹកនាំបន្តវេន ប្រកបដោយប្រសិទ្ធិភាព និងការរីកចម្រើន។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រកំរិតមតេយ្យអន្តរជាតិ នៃសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ​២០១៧​នេះថា «​​ការវិនិយោគលើវិស័យអប់រំមតេយ្យសិក្សាជូនដល់កុមារតូច រហូត ដល់ធម្យមសិក្សា ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យអប់​រំ​នៅប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងសម្រេចគោលដៅចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានយកវិស័យអប់រំ ជាវិស័យអត្ថិភាព»។

លោកស្រីបន្ថែមថា ក្នុងចំណោមនោះ ការចូលរួមការវិយោគការអប់រំពីសំណាក់សាលារៀនឯកជន លើមតេយ្យសិក្សាជូនដល់កុមារតូច នឹងធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំ ប្រទេសបន្តវេន ឲ្យមានការលូតលាស់ជាទ្វេរឡើង ហើយបើមិនយកចិត្តទុកដាក់ថែទាំទំពាំងដែលទើបនឹងដុះទេ ធ្វើឲ្យឬស្សីនោះលូតលាស់មិនបានល្អ ព្រមទាំងធ្វើឲ្យឬស្សីនោះពុកគ្មានយកទៅប្រើការកើតឡើយ។

យ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងរូបនេះ​ថា ការមិនបណ្តុះគំនិតឆ្លៃប្រឌិត មិនផ្តល់អាហារូបត្ថម្ភ និងមិនផ្តល់បរិយាកាសការអប់រំជូនពួកគេតាំងពីតូច តាមគោលការណ៍ទេ ធ្វើឲ្យ​ពូកគេមិនមានការលូតលាស់ទៅលើប្រាជ្ញាស្មារតី បានល្អប្រសើរឡើយ ដូច្នេះអ្វីដែលមានការចូលរួមពីសំណាក់ សាលា​ឯកជនមានសាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជាដើម ដែលបានអភិវឌ្ឍន៍ និងការអប់រំមតេយ្យសិក្សា ជូនកុមារតូចនាពេលនេះពិតជាមានសារសំខាន់ ដើម្បីឲ្យពួកគេបានត្រៀមកាយ និងចិត្ត ព្រមទាំងបំនិនជីវិតរួចជាស្រេចក្នុងការឈានទៅចូលរៀនថ្នាក់ទី​១​បន្ត។

បើតាមលោកស្រី គឹម សេដ្ឋានី ​កាលពី​១០​ឆ្នាំ​មុន ប្រទេសមួយចំនួននៅលើពិភពលោក គេមិនបានយកចិត្តទុកដាក់វិនិយោគលើមតេយ្យសិក្សាជូនដល់កុមារតូចៗ ឡើយ ដោយភាកច្រើនពួកគេបានចាប់ផ្តើមវិនិយោគលើកុមារចាបីពីចូលរៀនថ្នាក់ទី​១​ឡើង ប៉ុន្ដែមកដល់ពេលនេះ ទាំងប្រទេសកម្ពុជា និងប្រទេសនៅលើពិភពលោក បានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំមតេយ្យសិក្សាជូនដល់កុមារតូច។

លោក សេង បូណា នាយកគ្រប់គ្រង់ ​សាលារៀនអន្តរជាតិទ្រូវីសិនកម្ពុជា បានឲ្យដឹង​ថា សាលារបស់លោកបានយកចិត្តទុកដាក់ ក្នុងការរៀបចំកម្មវិធីសិក្សាទាំងមតេយ្យសិក្សា ​និងបឋមសិក្សា តាមបែបប្រទេសរីកចម្រើននៅលើពិភពលោក ដើម្បីធ្វើឲ្យការអប់រំនៅកម្ពុជាមានការរីកម្រើន ស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ៕