(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះប្រគល់ផ្ទះមនុស្សធម៌ទី២៤ ជូនលោកយាយទន់ ដាវ អាយុ៧៥ឆ្នាំ នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។
លោកស្រី គួយ ណាលីន ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រីបន្តថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម និងលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីថ្នាក់ដឹកនាំ។
លោកស្រី គួយ ណាលីន ណែនាំដល់បងប្អូនទាំងអស់ដែលបានចូលរួម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងរដូវវស្សានេះ នៅពេលមានភ្លៀងផ្គរន្ទះ ខ្យល់កន្ទ្រាក់ មិនត្រូវប្រើប្រាស់ទូរស័ព្ទ គ្រឿងអេឡិចត្រូនិចឡើយ ដែលបង្កឲ្យគ្រោះថា្នក់ និងនៅពេលមានហេតុការណ៍ណាមួយកើតឡើង គឺត្រូវរត់ទៅរកទីទួលសុវត្ថិភាព និងត្រូវចេះធ្វើការថែទាំសុខភាព ត្រូវសម្រាកក្នុងមុង និងកូនតូចៗរបស់ខ្លួន នៅពេលមានជំងឺ ត្រូវបញ្ជូនកូនទៅកាន់មណ្ឌលសុខភាព និងជំរុញកូនៗបានទៅសិក្សារៀនសូត្រផងដែរ។
អំណោយសង្កត់ផ្ទះ ក្នុងឱកាសនោះរួមមានអង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកបរិសុទ្ធ៥យួរ, កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយនូវថវិកាមួយចំនួនផងដែរ៕