(ត្បូងឃ្មុំ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៥៨វត្ត នៅស្រុកពញាក្រែក និងស្រុកកំចាយមារ។ ពិធីដែលបានប្រារព្ធនៅវត្តសុវណ្ណារាម ហៅវត្ត​ថ្កូវ​ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋសភា ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងព្រៃវែង ​ពុទ្ធបរិស័ទ្ធជិតឆ្ងាយ​ក្នុងខេត្តទាំង២យ៉ាងច្រើនកុះករ​។

សូមបញ្ជាក់ថា​ វត្តទាំង៥៨ ដែលត្រូវប្រគេនទៀនព្រះវស្សា និងទេយ្យទាននាពេលនេះ គឺ៥១វត្តក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងចំនួន​៧វត្តផ្សេងទៀត ក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង​។

ចំពោះសម្ភារដែលសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានប្រគេនដល់វត្តទាំង៥៨​ ក្នុងមួយវត្តៗទទួលបាន ទៀនព្រះវស្សា១គូ, អង្ករ​១០០គីឡូក្រាម, ទឹកសុទ្ធ​៣កេស, ទឹកក្រូច​៣កេស, មីម៉ាម៉ា​១កេសធំ, ស្ករស​១០គីឡូក្រាម, ទឹកដោះគោ​១០កំប៉ុង, តែ​៤កញ្ចប់, កាហ្វេ​២​កញ្ចប់ និងបច្ច័យចំនួន ៥០ម៉ឺនរៀលផងដែរ​។

បន្ថែមពីនេះសម្តេច ហេង សំរិន បានប្រគេនបច្ច័យចំនួន១៣លានរៀល និង២,០០០ដុល្លារ ដល់ព្រះសង្ឃវត្តថ្កូវ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តជាបន្ត។

ជាមួយគ្នានោះ​សម្តេច និងលោកជំទាវ បានចែកជូនអំណោយវត្ថុអនុស្សាវរីយ៍ដល់តាជីយាយជី លោកតា លោកយាយ ចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកាចំនួន១ម៉ឺនរៀល​៕