(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត និងលោកស្រី យស់ ស៊ីមន ដឹកនាំក្រុមការងារ សមាជិកជាច្រើនរូបទៀត បាននាំយកទៀន ព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃចំនួន៣៥វត្ត នៅក្នុងស្រុកចន្ទ្រា និងក្រុងបាវិត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស។
ក្នុងឱកាសប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃទាំង៣៥វត្ត ដែលបានប្រារព្ធធ្វើនៅវត្តបុព្វារាម ក្រុងបាវិត លោក ម៉ឹង សំផន បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤កន្លងទៅនេះ។
លោក ម៉ឹង សំផន បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសានាបានបំផ្លិចបំផ្លាញ បាត់បង់ ស្ទើរតែទាំងស្រុង នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបតែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទើបធ្វើឲ្យវិស័យព្រះពុទ្ធសាសនា បានរស់រានមានជីវិតជាថ្មីឡើងវិញ និងមានការរីកចម្រើនដល់សព្វថ្ងៃ។
ប្រធានក្រុមការងាររូបនេះ លើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដឹកនាំប្រទេសជាតិឲ្យមានសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរួមមានទាំងវិស័យព្រះពុទ្ធសាសនាផងដែរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។
សូមជម្រាបថា ការប្រគេនទៀនព្រះវស្សាដល់វត្តទាំង៣៥ នៅស្រុកចន្ទ្រា និងក្រុងបាវិតនេះ ក្នុង១វត្តៗ ទទួលបានទៀនព្រះវស្សា១គូរ, បច្ច័យចំនួន២០ម៉ឺនរៀល, ប្រេងម៉ាស៊ូត៣០លីត ក្រៅពីនេះមានសម្ភារៈ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ និងប្រគេនបច្ច័យដល់ព្រះសង្ឃ ក្នុង១អង្គ ៥ម៉ឺនរៀល។
បន្ថែមពីនេះ លោកបានចែកជូនអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗទទួលបាន មី សារុង ក្រម៉ា ក្រណាត់ស និងថវិកា៣ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ឹង សំផន និងក្រុមការងារបានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវប្រវែង៨គីឡូម៉ែត្រ ដែលបានស្ថាបនាដោយកម្លាំងវិស្វកម្មចាប់ពីឃុំមេសថ្ងក រហូតដល់ឃុំចន្ទ្រា ព្រមទាំងបានចុះពិនិត្យការសាងសង់ ព្រះវិហារថ្មីនៅវត្តបុទុមរង្សី ហៅវត្តចេក ក្នុងស្រុកចន្រ្ទា និងបានដោះស្រាយនូវសំណូមពរមួយ ចំនួនជូនបងប្អូនប្រជាពលរដ្ឋនៅទីនោះថែមទៀត៕