(សៀមរាប)៖ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្ត នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវ២៦៧ ក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោមគម្រោងថវិការបស់សាលាខេត្តសៀមរាបឆ្នាំ២០១៧។
លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងនូវវអនុសាសន៍ល្អៗមួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវពីការគិតគូរខ្ពស់ ប្រកបដោយចក្ខុវិស័យ ដើមី្បវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយខេត្តសៀមរាប ជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ដូច្នេះហើយទើបអាជ្ញាធរខេត្ត មានគម្រោងជាច្រើន ក្នុងការជួសជុល និងស្ថាបនាផ្លូវនៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប ជាប្រភេទផ្លូវចាក់បេតុង ផ្លូវចាក់កៅស៊ូ (DBST) ឬចាប់បេទីមផងដែរ។
ជាក់ស្តែងការបើកការដ្ឋានជួសជុលផ្លូវមួយខែ្សនេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តរបស់ខេត្ត ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និងការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងជួយសម្រួលការកកស្ទះចរាចរណ៍ដឹកជញ្ជូន ព្រមទាំងលើកនូវសោភណ្ឌភាពក្រុងឲ្យស្រស់ត្រកាលទៀតផង។
លោក ឃឹម ប៊ុនសុង ក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋផងដែរ អំពីភាពយឺតយ៉ាវក្នុងការជួសជុល ស្ថាបនាកំណាត់ផ្លូវនេះ និងសំណូមពរចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅតាមដងផ្លូវនេះ ពេលការស្ថាបនាជួសជុលផ្លូវរបស់ក្រុមវិស្វកម្មសាធារណការ តែងមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន អំពីសុខភាព អនាម័យ ជាក់ជាមិនខាន ក៏ប៉ុន្តែនៅពេលផ្លូវនេះរួចរាល់ហើយនោះ ផ្លូវនេះនឹងជួយសម្រួលដល់ភាពកកស្ទះចរាចរណ៍ ព្រមទាំងបានលើកនូវសោភណ្ឌភាពក្រុងបុរាណទៀតផង។
លោកបញ្ជាក់ថា ចំពោះបញ្ហាការយកដីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធ និងសាងសង់លំនៅដ្ឋាននោះ រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យរស់នៅទីនោះឡើយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង នូវសោភណ្ឌ បង្កភាពអាណាធិបតេយ្យ និងបង្កអសន្តិសុខទៀតផង ម៉្យាងទៀតសូមបងប្អូនត្រូវចូលរួមសហការជាមួយអាជ្ញាធរ មន្ត្រី ជំនាញ ក្នុងការស្ថាបនាជួសជុលនេះ ដើមី្បបម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងអស់គ្នា។
សូមជម្រាបថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក គឹម ប៉ុណ្ណា បានឲ្យដឹងថាផ្លូវ២៦៧ ដែលបើការដ្ឋាននៅពេលនោះ មានប្រវែង១,៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថាបនាចាក់កៅស៊ូពីរជាន់ (DBST) រួមទាំងធ្វើការរៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងប្រវែង៨៧៦ម៉ែត្រ និងអាងរឺហ្គា៦០កន្លែង ព្រមទាំងរៀបចំប៊រឌៀរ ចិញ្ចើមផ្លូវសង្ខាងប្រវែងសរុប២,៩៤០ម៉ែត្រ ហើយផ្លូវមួយខ្សែនេះ បានតភ្ជាប់ពីស្រុកពួក មកដល់នាគបាញ់ទឹក (ផ្សារចាស់) ក្រុងសៀមរាបមានប្រវែងសរុប២១គីឡូម៉ែត្រ។
កំណាត់ផ្លូវដែលអាជ្ញាធរខេត្តបន្តធ្វើការជួសជុល មានផ្លូវមុខអភិរក្សដ្ឋានអង្គរ ប្រវែង៤២០ម៉ែត្រ មានទទឹង ៧ម៉ែត្រ, ផ្លូវស្របស្ទឹងខាងលិច ពីស្ពានវត្តព្រះឥន្ធកោសីយ៍ ទៅដល់ស្ពានព្រះរាជដំណាក់ ប្រវែង៥៤០ម៉ែត្រ មានទទឹង៧ម៉ែត្រ, ផ្លូវផ្សារដើមក្រឡាញ់ ប្រវែង១,៧២៥ម៉ែត្រ ទទឹង៩ម៉ែត្រ, ផ្លូវក្រោយវត្តពោធិលង្កា មានប្រវែង១,៣១០ម៉ែត្រ ទទឹង៧ម៉ែត្រ, សាងសង់ស្ពានបីកន្លែងឆ្លងស្ទឹងប្រវត្តិសាស្ត្រសៀមរាប, ពង្រីកកំណាត់ផ្លូវជាតិលេខ៦ក្នុងក្រុង ព្រមទាំងធ្វើការកែលម្អកំណាត់ផ្លូវមួយចំនួន ក្នុងខេត្តផងដែរ។
ជាចុងបញ្ចប់ អភិបាលខេត្តសៀមរាបក៏បានផ្តល់អំណោយជាសារ៉ុង ម្នាក់មួយជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលចូលរួមប្រមាណ៥០០នាក់ផងដែរ៕