(ព្រៃវែង)៖ ពិធីប្រកាសសេចក្តីសម្រេចបំពេញបន្ថែម ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង និងប្រកាសបញ្ចូលយុវជនស្រុកបាភ្នំ ជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន២៣០នាក់ បានធ្វើឡើងក្រោមអធិបតីភាពលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោក ជា សុមេធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន គណៈកម្មាធិការបក្សខេត្ត នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
ក្នុងឱកាសនោះលោក ស សុខា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលសំឡេងកើនឡើងខ្ពស់ បើធៀបទៅនឹងឆ្នាំ២០១៣។ លោកបានកោតសរសើរចំពោះយុវជន ដែលបានសម្រេចចិត្តត្រឹមស្ម័គ្រចិត្ត ចូលក្នុងជីវភាពជាសមាជិកក្រុមគ្រួសារគណបក្សប្រជាជន នេះដោយសារតែប្អូនៗ បានថ្លឹងថ្លែងពិចារណាហ្មត់ចត់ថា គ្មានគណបក្សណាដែលបានជួយប្រទេសជាតិ និងប្រជាជនដែលធ្វើឱ្យមានសន្តិភាព និងការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះទេ។
លោកតំណាងរាស្រ្ត បានផ្តាំផ្ញើរចំពោះប្អូនៗសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំនេះ ចូលខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបានប្រឡងជាប់ ចំពោះអ្នកទទួលបាននិន្ទសA លោកនឹងជូនរង្វាន់ម៉ូតូមួយគ្រឿង និងដំណើរទស្សនកិច្ចប្រទេសចិនដូចឆ្នាំ២០១៦។
លោក ស សុខា បន្តទៀតថា «ចូរប្អូនៗក្លាហានហ៊ានបកស្រាយ ពន្យល់រាល់មតិប្រឆាំងទាំងឡាយ ដែលផ្ទុយពីការពិត ដើម្បីការពារយុត្តិធម៌ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តដឹកនាំមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងមានសន្តិភាព និងការអភិវឌ្ឍបន្តទៀត»។
លោកបានគូសបញ្ជាក់ទាញអារម្មណ៍ឲ្យប្អូនៗ តាមដានសភាពការណ៍អន្តរជាតិ ជាពិសេសនៅមជ្ឍឹមបូព៌ាប្រទេសមួយចំនួន កំពុងមានសន្តិភាព និងអភិវឌ្ឍន៍ ដោយសារតែការញុះញុង បំបះបំបោពីក្រុមប្រឆាំងក្នុងប្រទេស និងមានបរទេសនៅពីក្រោយខ្នង ប្រទេសទាំងនោះ បានធ្លាក់ចូលវិបត្តិគ្រោះមហន្តរាយសង្រ្គាមធ្ងន់ធ្ងរ ពលរដ្ឋវេទនា ភៀសខ្លួនបែកបាក់ព្រាត់ប្រាស់គ្រួសារ ហេដ្ឋារចនាសម្ពន្ធរលាយជាផេះផង់ ធ្វើឱ្យយុវជនដែលចូលប្រឆាំងសោកស្តាយ ប៉ុន្តែពេលពេលវេលាហួសទៅហើយ។
ជាមួយគ្នានេះលោកតំណាងរាស្រ្ត ក៏បានដឹកនាំក្រុមគ្រូពេទ្យ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋផងដែរ ដោយឥតគិតថ្លៃ៕