(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ឈ្មោះនៅក្នុងបណ្ណសំគាល់រថយន្ដបង្ក ដែលបាញ់ជិត១០គ្រាប់ កាលពីយប់មិញ នៅក្បែរទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញកាលពីយប់មិញនោះ គឺជាឈ្មោះក្លែងក្លាយ ដោយសារតែក្រោយចុះទៅសួរនាំទៅដល់មូលដ្ឋាន ស្ថិតនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ គឺមិនមានឈ្មោះនេះរស់នៅទីនោះឡើយ ដូច្នេះមន្ទីរសាធារណការខេត្តព្រះសីហនុ បានចេញស្លាកលេខក្លែងក្លាយដល់ជនដែលមិនទីលំនៅក្នុងមូលដ្ឋាននោះឡើយ។
នាយឧត្តមសេនីយ៍ស្នងការ រាជធានីភ្នំពេញគ បានថ្លែងប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះថា «ក្រោយពីកម្លាំងសមត្ថកិច្ចរបស់យើង សហការចុះទៅសួរនាំ ដល់មណ្ឌលក្នុងភូមិលេខ៣ និងនគរបាលប៉ុស្ដិ៍សង្កាត់លេខ១ គឺគ្មានឈ្មោះដូចដែលមាននៅក្នុង កាតគ្រីរថយន្ដនោះឡើយ អញ្ចឹងមានតែមន្ទីរសាធារណការខេត្តព្រះសីហនុ ចេញស្លាកលេខរថយន្ដទៅឲ្យមនុស្សក្លែងក្លាយ»។
យោងតាមកាតគ្រីរថយន្ដបង្កដែលបង្ហាញ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដឈ្មោះ ទូច បូភាព មានទីលំនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តទៀតថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្ដធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ ស្វែងរកទីលំនៅរបស់ជនបង្ក ដើម្បីឈានទៅដល់ការចាប់ខ្លួន។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដ៏តឹងរឹង ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល ខេត្តពាក់ព័ន្ធទាំងអស់ តាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់ ទាំងកណ្ដាលយប់ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់មិញ យកមកផ្តន្ទាទោស ឲ្យខានតែបាន មិនឲ្យរួចខ្លួនជាដាច់ខាត។
សូមបញ្ជាក់ថា កាលពីយប់មិញស្នូរគ្រាប់កាំភ្លើងជិត១០គ្រាប់ បានបន្លើឡើងនូវចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកំសាន្ដ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ដោយមិនដឹងមូលហេតុ រួចបើកគេចខ្លួនដោយសុវត្ថិភាព៕