(ភ្នំពេញ)៖ ក្លិបកម្សាន្ត GL បានរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូដ ស្រីស្រស់ ប្រុសស្អាត ទ្រង់ទ្រាយធំលើកទី១ ដើម្បីធ្វើការប្រកួតប្រជែងក្នុងរដូវកាលថ្មី និងស្វែងរកអ្នកទទួលជយលាភី នាយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ខណៈដែលអ្នកជាប់លេខ១ នឹងទទួលបានប្រាក់រង្វាន់ ប្រមាណ១៥០០ដុល្លារ និងមានអាជីពជាតារាបង្ហាញម៉ូដ ប្រចាំក្លិប និងក្នុងកម្មវិធីតូចធំនានា ទៀតផង។
អ្នកគ្រប់គ្រងទូទៅប្រចាំក្លិប GL និងជាគ្រូបង្ហាញម៉ូដ ផងនោះ លោក ខេវិន បានថ្លែងឲ្យដឹងថា នេះមិនមែនជាការប្រកួត តារាបង្ហាញម៉ូដលើកទី១ ដែលក្លិបរបស់លោក ចំណាយប្រាក់រៀបចំនោះទេ ប៉ុន្តែអាចចាត់ទុកថា ជាការប្រកួតទ្រង់ទ្រាយធំលើកទី១ សម្រាប់ក្លិបក្នុងឆ្នាំ២០១៧នេះ។ ការប្រកួតនេះ ដើម្បីផ្ដល់ឱកាសដល់អ្នកមានសមត្ថភាព ឲ្យមានអាជីពច្បាស់លាស់ តាមរយៈការផ្ដល់អ្នកជំនាញឲ្យបង្វឹកពួកគេ តាំងពីដំណាក់កាលដាក់ពាក្យ រហូតដល់ប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ កម្មវិធីនេះមានបេក្ខជន-បេក្ខនារីសរុបជាង១០០នាក់ចូលរួមប្រកួត ហើយក្រោយការបង្វឹកមួយរយៈក៏ជម្រើស បានស្រី១៥ប្រុស១៥ ឲ្យឡើងប្រកួតគ្នា។ នេះជាព្រឹត្តិការណ៍ប្រកួតអាជីពមួយធំ ដែលក្លិប GL ធ្វើឡើង ដើម្បីជួយឲ្យតារាដែលមានសមត្ថភាព បានក្លាយជាតារាបង្ហាញអាជីព។
ដោយឡែកគ្រូបង្ហាញពីររូប គឺកញ្ញា ទឹម រដ្ឋា និងលោក អ៊ុន សុធា បានបង្ហាញចំណាប់អារម្មន៍ថា កម្មវិធីនេះ ពិតជាល្អសម្រាប់ផ្ដល់ឱកាសដល់ប្អូនៗ ដែលមានសមត្ថភាព បង្ហាញនូវទេពកោសល្យរបស់ខ្លួន និងមានអាជីពមួយច្បាស់លាស់ បើទោះបីជាពួកគេ នៅខ្វះខាតបន្តិបន្ទួចក្ដី ក្នុងជំហានដំបូង។ លោក អ៊ុន សុធា បានទទួលស្គាល់ថា សកម្មភាពដើរម៉ូដយប់មិញ ពិតជាមានការខុសច្រើន ជាពិសេសបេក្ខនារី តែលោកយល់ថា នោះគ្រាន់តែជាកំហុសឆ្គងដែលបេក្ខជន និងបេក្ខនារី អាចកែលម្អបានប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រកួតប្រជែងបង្ហាញម៉ូដ ស្រីស្រស់ប្រុសស្អាត នៅក្នុងក្លិប GL នាយប់មិញនេះ មានបេក្ខជន-បេក្ខនារីសរុបចំនួន២៩នាក់ ដែលត្រូវបានជ្រើសរើស ធ្វើការប្រកួតប្រជែងជម្រុះ ប្រចាំសប្ដាហ៍ ឈានទៅរកវគ្គផ្ដាច់ព្រ័ត្រ ដើម្បីយកលេខ១ដល់លេខ៣ នៅយប់ថ្ងៃទី២៩ កក្កដា ដោយការប្រកួតនេះ នឹងគ្រោងធ្វើឡើងរាល់យប់ថ្ងៃសុក្រ៕