(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដ៏តឹងរឹងដល់កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តពាក់ព័ន្ធទាំងអស់ តាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់ ទាំងកណ្ដាលយប់ស្ថិតក្បែរសហភាពសហព័ន្ធអ្នកសារព័ត៌មាន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់មិញយកមកផ្តន្ទាទោសឲ្យខានតែបាន មិនឲ្យរួចខ្លួនជាដាច់ខាត។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចនាវេលាថ្ងៃត្រង់ទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីបាញ់ជិត១០គ្រាប់ កាលពីយប់មិញនេះ ខ្ញុំបានទទួលបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ឲ្យតាមស្រាវជ្រាវចាប់ខ្លួន ជនបង្កឲ្យខានតែបាន ទោះរត់ទៅដល់ទីណាក៏ដោយមិនលើកលែងជាដាច់ខាត»។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានសង្កត់ធ្ងន់ទៀតថា នៅពេលនេះលោកបានបញ្ជាឲ្យអធិការខណ្ឌទាំង១២ ស្រាវជ្រាវ និងតាមដានក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីតាមចាប់ជនបង្ក និងដកហូតរថយន្ដ ពីព្រោះមិនអាចគេចខ្លួនទៅដល់ណាបាននោះទេ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានសុំកិច្ចសហការជាមួយបណ្ដាស្នងការខេត្តពាក់ព័ន្ធ ដើម្បីតាមស្រាវជ្រាវស្វែងរកជននេះផងដែរ។
សូមបញ្ជាក់ថា កាលពីយប់មិញស្នូរគ្រាប់កាំភ្លើងជិត១០គ្រាប់ បានបន្លើឡើងនូវចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកំសាន្ដ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ដោយមិនដឹងមូលហេតុ រួចបើកគេចខ្លួនដោយសុវត្ថិភាព៕