(ភ្នំពេញ)៖ សិស្សសាលាបឋមសិក្សាមិត្តភាពចំនួន១២០នាក់ បានទទួលការអប់រំអំពី «សុខភាព និងម្ហូបអាហារ» ពីក្រុមគ្រូបង្គោលម្ហូបអាហារសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
នៅក្នុងកម្មវិធីនោះ ក៏មានការបង្កើតកម្មវិធីហ្គេមមួយចំនួន ពាក់ព័ន្ធនឹងការវាស់សមត្ថភាព យល់ដឹងជាមូលដ្ឋាន របស់កុមារ ក្នុងជីវភាព ប្រចាំថ្ងៃ ក្រុមគ្រូបង្គោល សុវត្ថិភាពម្ហូបអាហារដែលដឹកនាំដោយ លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ចូលការអប់រំអំពី «សុវត្ថិភាពម្ហូបអាហារ» ដល់ប្អូនកុមារ រួមមានដូចជា៖ អនាម័យមុននិងក្រោយបរិភោគចំណីអាហារ របៀបនៃការរក្សាទុកនិងចំអិនចំណីអាហារជាដើម។
ក្រុមគ្រូបង្គោល ក៏បានអប់រំណែនាំអោយប្អូនៗ មានចំណេះដឹងជាមូលដ្ឋានក្នុងការជ្រើសរើសចំណីអាហារ ដែលមាន សុវត្ថិភាព តាមរយៈការពិនិត្យមើលទីតាំងលក់ដូរ ការមើលអនាម័យ ក្នុងនិងជុំវិញទីតាំងលក់ដូរ ការពិនិត្យមើល ស្លាកសញ្ញា និងទ្រង់ទ្រាយ សំបកវេចខ្ចប់ និងការពិនិត្យមើលកាលបរិច្ឆេទផុតកំណត់អោយប្រើប្រាស់។
មន្ត្រីជំនាញ បានដាក់បញ្ចូលផងដែរ នូវចំណេះដឹងអំពីអាហាររូបត្ថម្ភចាំបាច់មួយចំនួន ពិសេសការលើកឡើងអំពី សារៈសំខាន់នៃសារធាតុអ៉ីយ៉ូត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលាយក្នុងអំបិលហៅថា «អំបិលអ៉ីយ៉ូត»។
អំបិលអ៉ីយ៉ូត ដែលជួយដល់អ្នកប្រើប្រាស់មាន១០ ភាគរយបានមកដោយការហូប និង៩០ភាគរយបានមកដោយការផឹក ក្នុងនោះមាន ៨០ភាគរយមានផ្ទុកក្នុងក្រពេញទីរ៉ូអុីត និង ២០ភាគរយមានផ្ទុកក្នុងសរីរាង្គផ្សេងទៀតនៃរាងកាយមនុស្ស ។
សារធាតុអ៉ីយ៉ូត ជាផ្នែកមួយជួយជំរុញអោយកុមាររៀនពូកែ ចៀសផុតពីជំងឺពកក គរថ្លង់ ខ្សោយកំលាំង ក្រិន និង បាត់បង់កាយសម្បទា ។
លោក ខៀវ បញ្ញាវឌ្ឍន៍ មានលើកឡើងថា វាជាការសំខាន់ណាស់ដែលអប់រំឲ្យប្អូនៗកុមារ ដែលជាទំពាំងស្នងឫស្សី មានចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ដែលជាអាទិភាពទីមួយ ក្នុងចំណោមអាទិភាពទាំង១២ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមថា ថ្នាក់ដឹកនាំប្រទេស មាតាបិតាគ្រប់រូប យុវវ័យខ្លួនឯងផ្ទាល់ សុទ្ធតែមិនចង់ឃើញខ្លួនឯងដេកឈឺនៅ លើគ្រែពេទ្យ ក្នុងថ្ងៃទទួលសញ្ញាប័ត្រ ដោយសារការទទួលយក ម្ហូបអាហារ ដែលពុំមាន សុវត្តិភាពពីមួយថ្ងៃ ទៅមួយថ្ងៃ នោះទេ៕