(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រកាសជាថ្មីម្ដងទៀតថា បញ្ហាចំបងដែលលោកត្រូវតែដោះស្រាយនោះ គឺបញ្ហាសន្ដិសុខ ព្រោះថា វាជារឿងមួយដែលពលរដ្ឋទាំងអស់ មិនថា អ្នកមាន ឬអ្នកក្រនោះទេ គឺត្រូវការវាជាចាំបាច់បំផុតមុនអ្វីៗទាំងអស់។
ក្នុងដំណើរចុះពិនិត្យផ្ទាល់ការរស់នៅ របស់ពលរដ្ឋសហគមន៍អន្លង់គងថ្មី ក្នុងទឹកដីខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង ថ្លែងយ៉ាងដូច្នេះថា «បញ្ហាវាមានច្រើនណាស់ ប៉ុន្ដែអ្វីដែលជាចំណុចរួមដំបូងបំផុត គឺបញ្ហាសន្ដិសុខ អ្នកក្រក៏ត្រូវការសន្ដិសុខ អ្នកមានក៏ត្រូវការសន្ដិសុខ ប្រជាជនទូទៅក្នុងរាជធានីភ្នំពេញ គឺត្រូវការសន្ដិសុខ និយាយដោយឡែក ជារួមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវការសន្ដិសុខ ចឹងយើងត្រូវគិតគូរពីបញ្ហាសន្ដិសុខជាចំបង...នេះជាបញ្ហាចំបង គ្រប់គណៈអភិបាលត្រូវគិតបញ្ហានេះ»។
លោក ឃួង ស្រេង បញ្ជាក់ថា លោកបានប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញរួចហើយ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវគិតពីបញ្ហាសន្ដិសុខនេះជាចំបង។ ដោយឡែក បញ្ហាអភិវឌ្ឍន៍គណៈបញ្ជាការឯកភាព នឹងធ្វើការដោះស្រាយតាមក្រោយ ដូចជា សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក និងបញ្ហាផ្សេងៗជាច្រើនទៀត។
សូមជម្រាបថា អភិបាលរាជធានីភ្នំពេញ ទើបឡើងកាន់តំណែងថ្មី លោក ឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពផងនោះ ធ្លាប់បានព្រមានធ្ងន់ៗ និងដាក់បទបញ្ជា ឲ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងរាជធានីភ្នំពេញទាំងអស់ ប្រឹងប្រែងបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានសកម្ម ដើម្បីកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច ពិសេសបង្ក្រាបគ្រឿងញៀន បើធ្វើមិនបាន មិនមានសមត្ថភាព ត្រូវលាលែងពីតំណែងទៅ កុំឲ្យគេដកទាន់។
អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រសិនបើមេប៉ុស្តិ៍ទាំងអស់ធ្វើមិនបាន សូមកុំឆ្លើយថា អត់កម្លាំង ត្រូវស្មើសុំទៅអធិការព្រោះថា កម្លាំងថ្មីៗចេញពីសាលាច្រើនណាស់ ហើយបើអធិការអត់ ត្រូវស្នើទៅស្នងការ៕