(ព្រះសីហនុ)៖ ប្រជាពលរដ្ឋ៣ភូមិ នៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងស្រពិចស្រពិលបញ្ហាប្រឈម និងអត់ផ្លូវដើរនាពេលអនាគត ក្រោយពីក្រុមហ៊ុនចិន មួយ បានរំលោភបំពានយកផ្លូវសម្រាប់ធ្វើដំណើររាល់ថ្ងៃ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនទាន់អាចដោះស្រាយជូនបាន។ បញ្ហានេះត្រូវបានមជ្ឈដ្ឋានមួយចំនួន និងប្រជាពលរដ្ឋ ផ្ទាល់គិតថា វាកំពុងក្លាយជាប្រធានបទក្តៅ សម្រាប់ពួកគាត់ជាពិសេស បណ្តាជនរងគ្រោះដោយសារការរំលោភបំពានរបស់ក្រុមហ៊ុនចិន។

ម្ចាស់ដីរងគ្រោះម្នាក់ គឺអ្នកស្រី សុខងីម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាព Fresh News ថា «រឿងរ៉ាវទំនាស់ដីធ្លីខាងលើនេះ ពុំទទួលបានផ្លែផ្កានោះទេ បើទោះបីជាស្ថាប័នតុលាការ និងមន្ត្រីជំនាញចុះ ទៅពិនិត្យមើលទីតាំងទំនាស់កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះក៏ដោយ។ ការចុះទៅពិនិត្យដល់ទីតាំង ប្រៀបដូចជា ការដើរកម្សាន្តមើលវាលមើលព្រៃតែប៉ុណ្ណោះ»

ប្រជាពលរដ្ឋរងគ្រោះរូបនេះបានបញ្ជាក់ថា «បើជិះឡានចូលបានត្រឹមតែរបងដែរ ក្រុមហ៊ុនចិនបិទរលោភផ្លូវទាំងដី ទាល់តែយើងដល់ ចុះជិះម៉ូតូទើបបាន ចំណែកផ្លូវរបស់ក្រុមហ៊ុន សេច្ចកិច្ចវាមិនឲ្យជិះទេវាបិទ ហើយផ្លូវវាអត់ឲ្យជិះទៀត»។

អ្នកស្រីបានបន្តថា«ចំណែករឿងដីរបស់ខ្ញុំ ដែលក្រុមហ៊ុនបានចាក់ដីរំលោភ និងបិទផ្លូវ ហើយចាប់កម្មករជាអ្នកចាំដីទាំងយប់ម៉ោង១១អាធ្រាត្រយប់ ដោយគ្មានដីកាពីតុលាការ នាងខ្ញុំបានដាក់ប្តឹងទៅគ្រប់ស្ថាប័ន និងតុលាការ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរារដ្ឋាភិបាលកម្ពុជា ហើយក៏ចេញលិខិតបញ្ចូនមកចូលដល់ខេត្តតាំងទី២៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីដោះស្រាយតែមកថ្ងៃនេះ នៅមិនទាន់ឃើញខេត្ត ចុះមកដោះស្រាយនិងបើកផ្លូវវិញទេ»។

អ្នកស្រី បានសម្តែងនូវការសោកស្តាយ និងហាក់ដូចជា អស់សង្ឃឹមចំពោះពន្លឺយុត្តិធម៌ដែលនៅសែនឆ្ងាយ។ អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅគ្រប់ទីកន្លែង ដើម្បីសុំអន្តរាគមន៍ ស្វែងរកយុត្តិធម៌តាំងពីអំឡុងខែឧសភាមកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានចំណាត់ការណាមួយសមស្រប សម្រាប់ភាគីអ្នករងគ្រោះ និងប្រជាពលរដ្ឋផ្សេងទៀតនោះឡើយ។ «ការរំពឹងចំពោះក្រុមការងារចុះពិនិត្យទីតាំងទំនាស់កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនោះ មិនទទួលបានលទ្ធផលអ្វីទេ ដោយសំអាងថា ការកំណត់ព្រំ ឬទីតាំងទំនាស់មិនច្បាស់លាស់។ ជាមួយនោះក្រុមការងារនេះក៏ខ្វះសម្ភារបច្ចេកទេស ក្នុងការវាស់វែងផងដែរ»។

បើតាមប្រជាពលរដ្ឋ ក្រុមហ៊ុនចិនបានរំលោភបំពានយកដី ដោយទាំងផ្លូវរបស់ប្រជាពលរដ្ឋ៣ភូមិ ដែលពេលនេះ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។ អ្នកភូមិបានដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ហើយខុទ្ទកាល័យសម្តេចតេជោ ក៏បានចេញដីកាបញ្ជូនទៅឲ្យក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់, រដ្ឋបាលសាលាខេត្ត… ប៉ុន្តែនៅតែមិនអាចដោះស្រាយជូនប្រជាពលរដ្ឋបានឡើយ។

សម្រាប់តំណាងក្រុមហ៊ុនចិនវិញ បានអះអាងប្រាប់អ្នកកាសែតថា ទំនាស់ដីធ្លីរវាងក្រុមហ៊ុនចិន និងប្រជាពលរដ្ឋនៅមិនទាន់អាចដោះស្រាយបាន ព្រោះដីទំនាស់ ពុំមានបោះបង្គោលច្បាស់លាស់ ហើយមន្ត្រីដែលចុះទៅពិនិត្យ ពុំមានឧបករណ៍សម្ភារបច្ចេកទេសគ្រប់គ្រាន់សម្រាប់វាស់វែង។

តំណាងក្រុមហ៊ុនចិនអះអាងថា ខាងក្រុមហ៊ុនមិនទាន់អាចបកស្រាយបានទេ ព្រោះអ្វីៗ កំពុងស្ថិតនៅក្នុងការស្រាវជ្រាវដើម្បីកំណត់ទីតាំងឲ្យបានច្បាស់លាស់។

យ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋរងគ្រោះទទូចថា ការរំលោភបំពានយកផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ ត្រូវតែដោះស្រាយឲ្យបានឆាប់ ហើយអាជ្ញាធរមិនគួរបិទភ្នែក ចំពោះការលំបាក របស់អ្នកភូមិនោះឡើយ៕