(ភ្នំពេញ)៖ ក្រោយបញ្ចប់ការចុះសួរសុខទុក្ខ លើការរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋ នៅសហគមន៍អន្លង់គងថ្មីរួចមកនោះនៅព្រឹកថ្ងៃ ដដែលនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំមន្ដ្រីក្រោមឱវាទ ចុះទៅពិនិត្យការរស់នៅដោយផ្ទាល់របស់ពលរដ្ឋនៅសហគមន៍ទួលសំបូរ ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ការចុះសួរសុខទុក្ខនេះលោក ឃួង ស្រេង ក៏មានការអមដំណើរដោយលោកអភិបាលរងរាជធានីភ្នំពេញ, លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ប្រធានមន្ទីរសាធារណការ លោក សាំ ពិសិដ្ឋ និងមន្ដ្រីជំនាញជាច្រើនរូបទៀតផងដែរ។
ដំណើរចុះពិនិត្យនេះ ក្នុងគោលបំណងដើម្បីចុះស្វែងរកទុក្ខលំបាក ការប្រកបរបររកស៊ីប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋសហគមន៍ ហើយប្រសិនមានការលំបាកណាមួយ លោកអភិបាលរាជធានីភ្នំពេញ នឹងចាត់ឲ្យមន្ដ្រីជំនាញដោះស្រាយជូនពលរដ្ឋភ្លាមៗ ហើយប្រសិនការងារណាដែលមិនអាចដោះស្រាយបានភ្លាម គឺត្រូវមានវិធានការណាមួយសមស្រប សម្រាប់ដោះស្រាយផងដែរ។
នៅឯសហគមន៍អន្លង់គងថ្មី លោក ឃួង ស្រេង ក៏បានចាត់ឲ្យមន្ដ្រីជំនាញសិក្សាពីការដាក់ប្រព័ន្ធលូដើម្បីរំដោះទឹកចេញនៅពេលមានភ្លៀង មកម្ដងៗ ព្រោះថាកាលពីពេលកន្លងទៅ ឲ្យតែមានភ្លៀងធ្លាក់តំបន់ខ្លះតែងតែរងការលេចលង់ ដែលកត្តាទាំងនេះធ្វើការប្រជាពលរដ្ឋ សហគមន៍នេះ មានការលំបាកក្នុងការរស់នៅ និងប្រកបរបររកស៊ីប្រចាំថ្ងៃ។
សូមជម្រាបថា ចាប់តាំងពីលោក ឃួង ស្រេង ឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មកគេហាក់សង្កេតឃើញថា លោកបាន និងកំពុងតែបង្កើនសកម្មភាពចុះជួបផ្ទាល់ជាមួយពលរដ្ឋ ដើម្បីស្វែងរកពីសុខទុក្ខ ក្នុងការរស់នៅ និងស្វែងរកដំណោះស្រាយល្អដល់ពលរដ្ឋ ជៀសវាងការថ្នាំងថ្នាក់ដាក់ជាមួយអាជ្ញាធរមូលដ្ឋាន៕