(ភ្នំពេញ)៖ ដោយមិនគិតពីថ្ងៃចុងសប្ដាហ៍ ឬថ្ងៃធ្វើការនោះទេ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ដ្រីក្រោមឱវាទ ចុះពិនិត្យការរស់នៅដោយផ្ទាល់របស់ពលរដ្ឋជិត៣០០គ្រួសារ នៅសហគមន៍អន្លង់គងថ្មី ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
ការចុះសួរសុខទុក្ខនេះ លោក ឃួង ស្រេង ក៏មានការអមដំណើរដោយ លោកអភិបាលរងរាជធានីភ្នំពេញ, លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងមន្ដ្រីជំនាញជាច្រើនរូបទៀតផងដែរ។
ដំណើរចុះពិនិត្យនេះ ក្នុងគោលបំណងដើម្បីចុះស្វែងរកទុក្ខលំបាក ការប្រកបរបររកស៊ីប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋសហគមន៍ ហើយប្រសិនមានការលំបាកណាមួយ លោកអភិបាលរាជធានីភ្នំពេញ នឹងចាត់ឲ្យមន្ដ្រីជំនាញដោះស្រាយជូនពលរដ្ឋភ្លាមៗ ហើយប្រសិនការងារណាដែលមិនអាចដោះស្រាយបានភ្លាម គឺត្រូវមានវិធានការណាមួយសមស្រប សម្រាប់ដោះស្រាយផងដែរ។
ក្នុងនោះ លោក ឃួង ស្រេង ក៏បានចាត់ឲ្យមន្ដ្រីជំនាញសិក្សាពីការដាក់ប្រព័ន្ធលូដើម្បីរំដោះទឹកចេញ នៅពេលមានភ្លៀងមកម្ដងៗ ព្រោះថាកាលពីពេលកន្លងទៅ ឲ្យតែមានភ្លៀងធ្លាក់តំបន់ខ្លះតែងតែរងការលេចលង់ ដែលកត្តាទាំងនេះធ្វើការប្រជាពលរដ្ឋសហគមន៍នេះ មានការលំបាកក្នុងការរស់នៅ និងប្រកបរបររកស៊ីប្រចាំថ្ងៃ។
ជាមួយនឹងដំណោះស្រាយ និងការចុះសួរសុខទុក្ខនេះ ប្រជាពលរដ្ឋសហគមន៍អន្លង់គងថ្មី ដែលគ្រាមុនរស់នៅក្នុងសហគមន៍ដីក្រហម ត្រូវអាជ្ញាធរផ្លាស់លំនៅមកក្នុងសហគមន៍ថ្មីនេះ បានទទួលស្វាគមន៍លោក ឃួង ស្រេង ដែលទើបឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញថ្មីៗនេះ ប្រកបដោយទឹកមុខញញឹមរីករាយ ដែលស្ដែងចេញនូវភាពកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំដែលយកចិត្តទុកដាក់ដល់ពួកគាត់។
សូមជម្រាបថា ចាប់តាំងពីលោក ឃួង ស្រេង ឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មកគេហាក់សង្កេតឃើញថា លោកបាននិងកំពុងតែបង្កើនសកម្មភាពចុះជួបផ្ទាល់ជាមួយពលរដ្ឋ ដើម្បីស្វែងរកពីសុខទុក្ខ ក្នុងការរស់នៅ និងស្វែងរកដំណោះស្រាយល្អដល់ពលរដ្ឋ ជៀសវាងការថ្នាំងថ្នាក់ដាក់ជាមួយអាជ្ញាធរមូលដ្ឋាន៕