(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះថា កម្លាំងនគរបាលស្គាល់អត្តសញ្ញាណម្ចាស់ រថយន្តបង្កម៉ាក Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ​2A-5981 ដែលបាន​បាញ់ប្រហារជិត១០គ្រាប់នៅយប់មិញនេះ នៅខាងមុខទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយនៅពេលនេះ​កម្លាំងនគរបាលជំនាញកំពុង​ស្រាវជ្រាវតាមចាប់ខ្លួន។

យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា បើទោះកម្លាំងជំនាញបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្ដបង្កក៏ដោយ ប៉ុន្ដែ​មិនអាចកំណត់បានថា ម្ចាស់រថយន្ដនោះជាអ្នកបាញ់ប្រហារនោះទេ ដោយរង់ចាំធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់សិន។

​លោក ហួត ចាន់រ៉ាយ៉ាន់ អធិការខណ្ឌដូនពេញ បានបញ្ជាក់ថា «ក្រោយកើតហេតុ នៅយប់មិញភ្លាម ស្ថិតនៅតាមផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខ្ញុំបានចុះផ្ទាល់នៅទីនោះ ដើម្បីប្រមូលភស្តុតាង ហើយក្រោយបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ នៅពេលនេះយើងកំពុងស្រាវជ្រាវតាមរកជនបង្កហេតុ»

សូមបញ្ជាក់ថា បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus RX330 បានដកកាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្បែរទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ហេតុការណ៌បាញ់នេះកើតឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

មន្ត្រីអាវុធហត្ថបានថ្លែងឲ្យដឹងថា ករណីនេះមិនទាន់ដឹងមានរឿងអ្វីនោះទេ ដោយបុរសនោះបានបើករថយន្តមកដល់ត្រង់ចំណុចផ្លូវលេខ៥៥ កែងនិងផ្លូវ២៤២ ទល់មុខក្លឹបកំសាន្ត៥៥ ក៏ដកកាំភ្លើងបាញ់តែម្តង។

បើតាមមន្ត្រីអាវុធហត្ថមួយរូបដែលបានជិះម៉ូតូដេញពីក្រោយរថយន្ត ដែលផ្ទុះអាវុធខាងលើបានប្រាប់ថា រថយន្តបង្កម៉ាក Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981៕