(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម បានដាស់តឿនណែនាំដល់មន្រ្តីរាជការក្រោមឱវាទ នៅតាមមន្ទីររាជធានី-ខេត្ត និងតាមការិយាល័យក្រុង-ស្រុក-ខណ្ឌទាំងអស់ ដាច់ខាតមិនត្រូវចាញ់បោកចំពោះការញុះញង់ ឬបញ្ចុះបញ្ចូលពីមជ្ឈដ្ឋានអគតិខាងក្រៅឱ្យចូលរួមក្នុងយុទ្ធនាការផ្សេងៗ ដែលបង្កជាភាពចលាចលក្នុងសង្គមឡើយ។
លោករដ្ឋលេខាធិការថ្លែងបែបនេះ ក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការដ្ឋបាលទូទៅ ក្នុងនាមតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងទៅកាន់សិក្ខាកាមប្រមាណ៥០នាក់ លោក ប៉ាក់ សុខុម បានណែនាំថា ក្នុងនាមជាមន្ត្រីមិនត្រូវចាញ់បោកចំពោះការញុះញង់ ឬបញ្ចុះបញ្ចូលពីមជ្ឈដ្ឋានអគតិខាងក្រៅឱ្យចូលរួមក្នុងយុទ្ធនាការផ្សេងៗ ដែលបង្កជាភាពចលាចលក្នុងសង្គមជាដាច់ខាត។
លោកបន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីរាជការស៊ីវិលនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដែលនៅតែបន្តចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាការងារអាទិភាពចម្បងមួយក្នុងវិស័យសាធារណៈ ដែលជាគន្លឹះដ៏ចម្បងនាំមកនូវប្រសិទ្ធភាព និងភាពជោគជ័យរបស់ស្ថាប័ន និងប្រទេសជាតិ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលខាងលើ បានធ្វើទ្បើងក្នុងរយៈពេល៤ថ្ងៃ ហើយក្នុងនោះដែរ ក្រុមសិក្ខាកាមបានប្ដេជ្ញាថា នឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ និងពង្រីកការប្រើប្រាស់អឲ្យបានចំគោលដៅ ព្រមទាំងបន្តខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត តាមដែលអាចធ្វើទៅបានសំដៅពង្រឹង និងពង្រីកការយល់ដឹងបន្ថែម បម្រើឲ្យការជំរុញល្បឿនក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេស បម្រើឲ្យការផ្តល់សេវាសាធារណៈជូនប្រជាជន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីប្រជាជន ពិសេសសំដៅសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ (២០១២-២០២០) និងផែនការកំណែទម្រង់វិស័យទេសចរណ៍ (២០១៥-២០១៨) ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានប្រមាណ ៧លាននាក់ នៅក្នុងឆ្នាំ២០២០៕