(ចិន)៖ តំណាងឲ្យក្រុមហ៊ុននាំចេញនានា លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុន Green Trade នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិន រយៈពេល៣ថ្ងៃ ពីថ្ងៃទី៤ ដល់ទី៦ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីជួបប្រជុំជាមួយក្រុមហ៊ុនរដ្ឋចិន COFCO ។
ក្នុងដំណើរបំពេញទស្សនៈកិច្ចនៅប្រទេសចិននេះ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖
១៖ ការកែសម្រួល និងបញ្ជូលបញ្ជីឈ្មោះក្រុមហ៊ុននាំចេញ សម្រាប់ការអនុវត្តកូតាឆ្នាំ២០១៧។
២៖ ការពិភាក្សាពីផែនការនិងបែបផែនផ្សេងៗ [Models] សម្រាប់អនុវត្តឆ្នាំ២០១៨។
៣៖ កិច្ចសហការស្តីពីការប្រើប្រាស់ម៉ាកសញ្ញាអង្ករកម្ពុជា ដែលពេលខ្លះអ្នកប្រើប្រាស់ យល់ច្រឡំដោយសារផលិតផលប្រទេសផ្សេងៗបានក្លែងបន្លំ។
កិច្ចពិភាក្សាបានផ្តោតលើរបៀបវារៈម្តងមួយៗ ព្រមទាំងទទួលបាននូវការយោគយល់គ្នាខ្ពស់ ជាពិសេស ត្រង់របៀបវារៈទី២ ដែលភាគីក្រុមហ៊ុន COFCO អាចកែសម្រួលនិងបញ្ជូលបញ្ជីឈ្មោះក្រុមហ៊ុននាំចេញ របស់កម្ពុជាតាមការស្នើសុំ។
លើសពីនេះទៅទៀតភាគី COFCO បានបញ្ចាក់ថា សម្រាប់ការអនុវត្តកូតាឆ្នាំ២០១៧នេះ គឺមានភាពរលូនល្អតាមផែនការ ដោយរហូតមកដល់ពេលនេះ ការនាំចេញសម្រេចបានជាង១០ម៉ឺនតោន ហើយ ភាគីទាំងពីរនឹងបន្តបង្កើននូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអនុវត្តកូតានេះឲ្យបានចប់តាមផែនការ ឬមុនផែនការកាន់តែប្រសើរ ដើម្បីត្រៀមលក្ខណៈទទួលយកនិងអនុវត្តកូតា ៣០ម៉ឺនតោននៅឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូដឹកនាំដោយប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាជាមួយ លោក Zhou Xianbiao, ប្រធានក្រុមហ៊ុនសាជីវកម្មកសិពាណិជ្ជកម្មកសិដ្ឋានរដ្ឋ (Chairman of China State Farms Agribusiness (Group) Corporation) ដោយផ្តោតលើការសហការគ្នារវាងភាគីទាំងពីរ ក្នុងការពង្រីកនិងអភិវឌ្ឍន៍ផ្នែកកសិកម្មនិងកសិឧស្សាហកម្មនៅកម្ពុជា។
លោក Zhou Xianbiao បានកោតសរសើរអំពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលមានធនធានធម្មជាតិអំណោយផល ស្ថេរភាពផ្នែកនយោបាយល្អ និងកំណើនសេដ្ឋកិច្ច សម្រាប់ទាក់ទាញអ្នកវិនិយោគ និងការអភិវឌន្ឍន៍ប្រទេសបានឆាប់រហ័ស។
ប្រធានសហព័ន្ធ បានបញ្ជាក់ថាការបើក និងពង្រីកទីផ្សារនៅប្រទេសចិន និងប្រទេសផ្សេងៗទៀត គឺមានសារៈសំខាន់ណាស់ ដែលយើងត្រូវដើរស្របគ្នាជាមួយមូលដ្ឋានការផលិតរបស់យើងជាមួយសហគមន៍កសិកម្ម ហើយបើយើងអាចទាញយកនូវបច្ចេកវិទ្យាទំនើបៗមកធ្វើកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា ដែលយើងអាចធ្វើអោយទិន្នផលកាន់តែខ្ពស់ និងអាចកាត់បន្ថយថ្លៃដើមការផលិត នោះនឹងជួយដល់វិស័យកសិកម្មនៅកម្ពុជា អោយកាន់តែរីកចម្រើនបានឆាប់រហ័ស៕