(ភ្នំពេញ)៖ មុខសញ្ញាក្រុមប្រើប្រាស់គ្រឿងញៀន ព្រមទាំងលួចយ៉ាងសកម្មចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំង ឃាត់ខ្លួនបានចំនួន៥នាក់ ពេញមួយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១-ឈ្មោះទុំ ប៊ុនង៉ាន អាយុ១៨ឆ្នាំ ២ទី-ឈ្មោះ ជឿន ម៉ៅ អាយុ២០ឆ្នាំ ទី៣-ឈ្មោះ ឡោង វ៉ាន់និត អាយុ១៨ឆ្នាំ ហើយពួកគេទាំង៣នាក់នេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងត្រូវបានចាប់ខ្លួន នាវេលាម៉ោង៨ព្រឹក នៅក្នុងភូមិកើតហេតុ។ ទី៤-ឈ្មោះ ហែ នី អាយុ១៧ឆ្នាំ និងទី៥-ឈ្មោះ អ៊ុយ សុថិន អាយុ១៩ឆ្នាំ គឺជាមុខសញ្ញាលួចយ៉ាងសកម្ម ហើយក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ និងត្រូវបានចាប់ខ្លួន នាវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃនេះ នៅក្នុងភូមិកើតហេតុខាងលើ នោះដែរ។

មុនពេលឈានដល់ការចាប់ខ្លួន កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវដើម្បីធ្វើការបង្ក្រាប ទប់ស្កាត់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ហើយខណៈនោះបានទទួលព័ត៌ មានពីប្រជាពលរដ្ឋថា មានក្រុមប្រើប្រាស់គ្រឿងញៀន ចំនួន៣នាក់ ដែលបានធ្វើសកម្មភាពសេពគ្រឿងញៀនរាល់ថ្ងៃ។ ក្រោយពេលទទួលបានព័ត៌មានដ៏ជាក់លាក់នោះហើយ ទើបនៅវេលាម៉ោង៨ព្រឹក កម្លាំងបានចុះទៅធ្វើការបង្ក្រាប និងចាប់ខ្លួនបានចំនួន៣នាក់ បន្ទាប់មកជនសង្ស័យទាំងនោះត្រូវបានកម្លាំងនាំទៅ ធ្វើការសាកសួរនៅផ្នែក នគរបាលព្រហ្មទណ្ឌខណ្ឌ។

លុះក្រោយមកទៀតកម្លាំង បានស្រាវជ្រាវរកឃើញមុខសញ្ញាក្រុមលួច និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយក្រុមទៀត ដែលតែងតែបានធ្វើសកម្មភាពលួច អត់រើសមុខនៅក្នុង ភូមិខាងលើនោះ។ រហូតដល់វេលាម៉ោង៤៖៣០នាទីល្ងាចថ្ងៃដដែលនោះ ទើបកម្លាំងបានចុះទៅធ្វើការបង្ក្រាប និងចាប់ខ្លួនបាន២នាក់ ហើយតាមការសាកសួរជននោះ បានសារភាពថា កន្លងមកខ្លួនធ្លាប់បាន ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានសម្រេចមានដូចជា៖ ម៉ូតូ១គ្រឿង ដែលជាកម្មសិទ្ធិរបស់ជនជាតិកូរ៉រ, ទូរទស្សន៍ LCD១គ្រឿង ដែលមានតម្លៃ៧០០ដុល្លារ និងទូរស័ព្ទជាច្រើនគ្រឿងទៀតផងដែរ៕

នៅថ្ងៃដដែលនេះ កម្លាំងនគរបាលប៉ុស្តិ៍កាកាប ក៏បានឆ្មក់ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ថ្នាំញៀនមួយករណីទៀត ផងដែរ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដកថ្នាំញៀន១១កញ្ចប់ធំតូចម៉ូតូ១គ្រឿង និងវត្ថុតាងមួយចំនួន។

ជនសង្ស័យទី១-ឈ្មោះ ហេង​ ធី អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងជ្រៃ សង្កាត់ចោមចៅ​ មានស្រុកកំណើតដក់ពោធិ៍ ឃុំជ្រៃធំ ស្រុកស្វាយរៀង ខេត្តស្វាយ
រៀង ទី២-ឈ្មោះ និច ប៉ុណ្ណា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកបសេដ្ឋ និងទី៣-ឈ្មោះ ហេង ឡាង អាយុ២៥ឆ្នាំ រស់នៅ និងស្នាក់នៅជាមួយគ្នា៕