(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន។ ជាក់ស្តែងប្រមាណជាង៨០% នៃចំណាយវិនិយោគសរុបរបស់រាជរដ្ឋាភិបាល ដែលមានទំហំប្រមាណជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ឬត្រូវជាប្រមាណជិត៨% នៃផលិតផលសរុប (ផសស) ត្រូវបានចំណាយទៅលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្រោមប្រធានបទ «ការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងភាពប្រកួតប្រជែង» ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា WB ADB JICA EU UNDP KOICA ILO, សភាពាណិជ្ជកម្ម, កំពង់ផែ, ស្ថាប័នស្រាវជ្រាវ, តំណាងសមាគមដឹកជញ្ជូនទំនិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុនឯកជន មួយចំនួន ដែលកំពុងធ្វើប្រតិបត្តិការផ្ទាល់ក្នុងវិស័យដឹកជញ្ជូនផងដែរ។
លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធ លើបញ្ហាទាំងឡាយ ពាក់ព័ន្ធ នឹងការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីកនៅកម្ពុជា ហើយរួមគ្នាកំណត់នូវសកម្មភាពអាទិភាព និងដំណោះស្រាយរួម សម្រាប់ជំរុញការផ្សារភ្ជាប់រវាងគោលនយោបាយ នៃការអភិវឌ្ឍប្រព័ន្ធឡូជីស្ទីក ដែលរួមមានហេដ្ឋារចនាសម័ន្ធដឹកជញ្ជូន និងសេវាដឹកជញ្ជូន តាមផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាសជាដើម ជាមួយនឹងការរៀបចំថវិកាឆ្នាំ២០១៨ សម្រាប់ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា២០១៥-២០២៥ រួមទាំងការសម្រួលដល់ការនាំចេញរបស់កម្ពុជា ជាពិសេសការនាំចេញកសិផល។
លោក វង្សី វិស្សុត ក៏បានលើកឡើងដែរថា សិក្ខាសាលាពិគ្រោះយោបល់ជាលើកទី២ នៅក្នុងឆ្នាំនេះ នឹងធ្វើការពិភាក្សាបន្ថែមផងដែរ អំពីបញ្ហាគន្លឹះៗមួយចំនួន ខាងផ្នែកទន់ ដូចជា៖ បញ្ហាសន្តិសុខដឹកជញ្ជូនតាមដងផ្លូវ នីតិវិធីបែបបទ និយ័តកម្ម និងអភិបាលកិច្ចជាដើម ដោយសារបញ្ហាទាំងនេះ ជះឥទ្ធពលផ្ទាល់ដល់ការដឹកជញ្ជូន និងឡូជីស្ទីក, ការវិនិយោគ និងធុរកិច្ច ជាពិសេសកំណើនសេដ្ឋកិច្ច ដែលជាកត្តាមិនអាចខ្វះបានសម្រាប់បង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងភាពប្រកួតប្រជែង នៅក្នុងបរិការណ៍មួយដែលកម្ពុជាកំពុងទទួលសម្ពាធប្រកួតប្រជែង នៅក្នុងការទាក់ទាញវិនិយោគផង និងការនាំចេញផង។
លោកបានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលបានបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ជាក់ស្តែង ប្រមាណជាង៨០% នៃចំណាយវិនិយោគសរុបរបស់រាជរដ្ឋាភិបាល ដែលមានទំហំប្រមាណជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ឬត្រូវជាប្រមាណជិត៨%នៃផសស ត្រូវបានចំណាយទៅលើការ វិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ការវិនិយោគដ៏គំហុកនេះ គួបផ្សំជាមួយនឹងភាពកាន់តែប្រសើរឡើង ពាក់ព័ន្ធការកែសម្រួលបែបបទនីតិវិធីផ្សេងៗទៀត បានជួយធ្វើឱ្យចំណាត់ថ្នាក់ឡូជីស្ទីករបស់កម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់»។
ជាក់ស្តែង តាមរបាយការណ៍វាយតម្លៃរបស់ WB, កម្ពុជាទទួលបានចំណាត់ថ្នាក់ឡូជីស្ទីកលេខ៧៣ ក្នុងឆ្នាំ២០១៦ ធៀបនឹងចំណាក់ថ្នាក់ដែលកម្ពុជាទទួលបានលេខ១២៩ ក្នុងឆ្នាំ២០១០ ក្នុងចំណោម១៥៥ប្រទេស។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តខិតខំធ្វើឱ្យប្រព័ន្ធឡូជីស្ទីករបស់កម្ពុជា កាន់តែមានភាព ប្រសើរឡើងថែមទៀត ជាពិសេសពាក់ព័ន្ធនឹងគុណភាព ពេលវេលា និងថ្លៃ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោកបានគូសបញ្ជាក់ថា ថ្លៃដឹកជញ្ជូននេះ មានការពាក់ព័ន្ធគ្នាយ៉ាងខ្លាំង ទៅនឹងតម្លៃម្ហូបអាហារផងដែរ។ ដូចនេះការកាត់បន្ថយថ្លៃដឹកជញ្ជូនពិតជានឹងរួមចំណែក ជួយបញ្ចុះតម្លៃម្ហូបអាហារ ដែលបច្ចុប្បន្នកំពុងតែមាននិន្នាការកើនឡើងនៅក្នុងប្រទេស ធៀបនឹងបណ្តាប្រទេសក្នុងតំបន់។ ប្រការនេះ នឹងជួយសម្រាលដល់ជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋយើង ជាពិសេសអ្នកមានចំណូលទាប។ បន្ទាប់ការធ្វើបទបង្ហាញរបស់តំណាងក្រសួងស្ថាប័ន និងតួអង្គពាក់ព័ន្ធ ក៏ដូចជាមតិពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសរួចមក, អង្គប្រជុំបានធ្វើការកត់សម្គាល់អំពីតួនាទីមិនខ្វះបានរបស់ប្រព័ន្ធឡូជីស្ទីកនៅក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ច ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្មក្នុងស្រុក ដើម្បីប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
នៅក្នុងក្របខ័ណ្ឌនេះ ថវិកាឆ្នាំ២០១៨ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើអាទិភាពគោលនយោបាយនៅក្នុងវិស័យដឹកជញ្ជូនិងឡូជីស្ទីកដូចតទៅ៖
* ផ្តល់ការគាំទ្រ និងជំរុញការរៀបចំផែនការមេស្តីពីឡូជីស្ទីក ទន្ទឹមគ្នានឹងការបន្តជំរុញការរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា (Inter-modal Transport Master Plan)។
* ផ្តល់ការគាំទ្រដល់ការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងពេលថ្មីៗនេះ ដើម្បីអនុវត្តនូវកម្មវិធីកែទម្រង់របស់ក្រសួង ក៏ដូចជាការអនុវត្តគោលយោបាយ និងយុទ្ធសាស្រ្តទៅតាមមុខងាររបស់ខ្លួន ជាពិសេសការរៀបចំផែនការមេខាងលើ។
* ជំរុញល្បឿននៃការស្តារកំណាត់ផ្លូវដែកចាស់ដែលនៅសល់ឱ្យបានឆាប់រួចរាល់ មុននឹងចាប់ផ្តើមគិតគូរអំពីគម្រោងសាងសងកំណាត់ផ្លូវដែកថ្មីណាមួយ។ ទន្ទឹមនឹងនេះ បន្តជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមដងទន្លេ ដំណាលគ្នានឹងការជំរុញការអនុវត្តគោលនយោបាយចំហរជើងសមុទ្រ ដើម្បីជំរុញការប្រកួតប្រជែងរវាងកំពង់ផែនិងកំពង់ផែផង និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងកំពង់ផែផងដែរ។
* ជំរុញការរៀបចំក្របខ័ណ្ឌនៃការគ្រប់គ្រងវិនិយោគសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងការធ្វើផែនការ, ការធ្វើកម្មវិធីវិនិយោគ និងការងារថែទាំហេដ្ឋារចនាសម្ព័ន្ធ។
* ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័នរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ទាំងសមត្ថភាពជំនាញបច្ចេកទេសខាងផ្នែកវិស្វកម្ម និងទាំងសមត្ថភាពជំនាញគ្រប់គ្រង និងខាងសេដ្ឋកិច្ចដឹកជញ្ជូន។
* ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ក្រសួងស្ថាប័ននានា រួមទាំងស្ថាប័នគយនិងរដ្ឋាករផងដែរ ក្នុងផ្តួចផ្តើមកាត់បន្ថយនីតិវិធី និងបែបបទផ្សេងៗដែលមិនចាំបាច់ដោយខ្លួនឯង ទាំងនៅមាត់ច្រក ទាំងនៅតាមដងផ្លូវ និងទាំងនៅទីតាំងស្ថាប័នរបស់ខ្លួន រួមទាំងការកាត់បន្ថយស្ថាប័នដែលជាន់គ្នាឬមិនចាំបាច់ ដើម្បីបន្តកាត់បន្ថយថ្លៃ និងរយៈពេលនៃការដឹកជញ្ជូនបន្ថែមទៀត។
* ផ្តល់ការឧបត្ថម្ភលើកទឹកចិត្តដល់ប្រតិបត្តិការរបស់កងកម្លាំងមានសមត្ថកិច្ច ក្នុងកិច្ចការពារសុវត្ថិភាពដឹកជញ្ជូន ដោយផ្អែកទៅតាមសមិទ្ធកម្មនៃលទ្ធផលការងាររបស់ខ្លួន។
* ផ្តល់ការគាំទ្រដល់ការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មនៅក្នុងប្រព័ន្ធឡូជីស្ទីក រួមទាំងការរៀបចំផែនការមេស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចរត់តាមទាន់និន្នាការតំបន់ និងពិភពលោក នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថលនេះ។
* ស្វាគមន៍ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍទាំងអស់ ក្នុងការបន្តផ្តល់នូវជំនួយបច្ចេកទេស និងធនធានដល់វិស័យដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក ដោយផ្សាភ្ជាប់ជាមួយនឹងលក្ខខណ្ឌគោរពនូវភាពជាម្ចាស់របស់កម្ពុជា។
* លើកទឹកចិត្តដល់វិស័យឯកជនឱ្យបន្តស្វែងចំណុចរួមគ្នា ដើម្បីផលប្រយោជន៍របស់ខ្លួនឯងផង ផលប្រយោជន៍របស់វិស័យផង និងសេដ្ឋកិច្ចជាតិទាំងមូលផង ហើយការទទួលបាននូវប្រាក់ចំណេញរបស់ខ្លួន ត្រូវតែផ្សាភ្ជាប់ជាមួយនឹងទំនួលខុសត្រូវខាងផ្នែកសង្គម៕