(ភ្នំពេញ)៖ ឥណ្ឌូនេស៊ី បានបើកពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ២០១៧នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីបង្ហាញផលិតផល ព្រមទាំងសេវាកម្មទេសចរណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ការបើកពិព័រណ៍ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ពីតូណូ ភើណូម៉ូ (Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា។
ពិព័រណ៍បង្ហាញផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ីប្រចាំឆ្នាំ២០១៧នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា។ មានក្រុមហ៊ុនឥណ្ឌូនេស៊ីជាង ៦០ក្រុមហ៊ុន និងផលិតផលរបស់ឥណ្ឌូនេស៊ីជាច្រើនប្រភេទត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍រយៈពេល៣ថ្ងៃនេះ។
លោក ពីតូណូ ភើណូម៉ូ បានថ្លែងក្នុងពិធីបើកពិព័រណ៍នាព្រឹកមិញថា ពិព័ណ៍បង្ហាញផលិតផល និងសេវាកម្មទេសចរណ៍ក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ។ លោកឯកអគ្គរដ្ឋទូតបន្តថា ពិព័រណ៍នេះ ធ្វើឡើងក្នុងបំណងបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងឥណ្ឌូនេស៊ី និងកម្ពុជា។ ជាពិសេសដើម្បីផ្សព្វផ្សាយផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ីមកកាន់ទីផ្សាររបស់កម្ពុជា។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដែលបានប្រឹងប្រែងសម្របសម្រួលរៀបចំពិព័រណ៍នេះឡើង។ លោករដ្ឋមន្រ្តីបានថ្លែងគូសបញ្ជាក់ថា ពិព័រណ៍ផលិតផលនេះ ក៏ជាការជួយជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានធ្វើការកត់សម្គាល់ថា ប្រទេសឥណ្ឌូនេស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានៅក្នុងអាស៊ាន និងជួយឲ្យទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានរីកកាន់តែធំផងដែរ។ លោករដ្ឋមន្រ្តីបន្តថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍របស់ឥណ្ឌូនេស៊ី ក៏ជាជំហ៊ានជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
សូមរំលឹកថា ពិព័រណ៍ផលិតផល និងទេសចរណ៍របស់ឥណ្ឌូនេស៊ីរយៈពេល៣ថ្ងៃនេះ មានផលិតផលជាច្រើននឹងត្រូវបង្ហាញដូចជា គ្រឿងបន្លាស់យានយន្ត គ្រឿងសង្ហារឹម គ្រឿងសំណង់ ចំណីអាហារ និងភេសជ្ជៈ និងគ្រឿងសំអាងជាដើម។ ក្នុងពិព័រណ៍រយៈពេល៣ថ្ងៃនេះ ក៏មានការសម្តែងនូវសិល្បៈនានា និងការចាប់ឆ្នោតផ្សងសំណាងផងដែរ។
កាលពីឆ្នាំ២០១៦កន្លងទៅ ការតាំងពិព័រណ៍នេះទទួលបានអ្នកចូលរួមជាង ៤ពាន់នាក់ ហើយការលក់រយៈពេល ៣ថ្ងៃនេះទទួលបានថវិកាជាង ១៥ម៉ឺនដុល្លារអាមេរិក៕