(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន៣៥០គ្រួសារ បានលើកគ្នាមកកាន់សាលាខេត្តកណ្តាល ដើម្បីសូមឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហាដីបឹង ក្នុងសហគមន៍ពួកគាត់ បន្ទាប់ពីក្រុមហ៊ុន ING បានរំលោភយកធ្វើជាកម្មសិទ្ធិ ដែលដីនេះពួកគាត់បានកាន់កាប់ អាស្រ័យផល តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។
ការលើកគ្នាមកតវ៉ានេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅខាងមុខបរិវេណសាលាខេត្តកណ្តាល ដោយប្រជាពលរដ្ឋ នាំគ្នាអង្គុយចំមាត់ច្រកចេញចូល របស់សាលាខេត្តតែម្តង។
លោក ហូ សុខខេង ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ភូមិស្តឹងជ្រៅ បាននិយាយថា ពួកគាត់បានលើកគ្នា មកកាន់សាលាខេត្តកណ្តាលចំនួន២លើកមហើយ ប៉ុន្តែមិនទទួលបានដំណោះស្រាយមួយណានៅឡើយ ហើយការលើកគ្នាមកតវ៉ានេះ ជាលើកទី៣ហើយ ដែលពួកគាត់បានលើកគ្នា មកកាន់សាលាខេត្តកណ្តាល ដើម្បីស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរ។
លោកបានបន្តទៀតថា ពួកគាត់បានមកកាន់កាប់អាស្រ័យនៅលើដីបឹងនេះតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយប្រកបរបរដាំត្រគួន ដាំកញ្ឆែត បេះយកទៅ គ្រាន់បានកំរៃខ្លះ សម្រាប់ចាយវាយនៅក្នុងគ្រួសារ តែឥឡូវដីដង្ហើមនៃជីវិតពួកគាត់នោះ ត្រូវបានក្រុមហ៊ុន ING មកហ៊ុព័ទ្ធរំលោភយកទាំ ស្រស់រួចហើយ គេបានដាក់កម្លាំងសន្តិសុខ នៅការពារមិនឲ្យពួកគាត់ទៅក្នុងដីពួកគាត់។
បើតាមប្រជាពលរដ្ឋ មុនដំបូងក្រុមហ៊ុន បានមកទិញដីនៅជុំវិញដីបឹងនោះ ក្រោយមកក៏ចាប់ផ្តើមធ្វើរបងព័ទ្ធទាំងដីពួកគាត់នៅកណ្តាល មិនធ្វើការដោះស្រាយបាន លែងឲ្យពួកគាត់អាចកាន់កាប់អាស្រ័យផលលើដីនោះទេ។ នៅពេលកំពុងតវ៉ានោះ មន្រ្តីសាលាខេត្តកណ្តាល បានចេញមកជួបជាមួយប្រជាពលរដ្ឋ និងបានប្រាប់ថា ថ្នាក់ដឹកនាំនឹងធ្វើការដោះស្រាយជូន នៅសប្តាហ៍ក្រោយ។
ពាក់ព័ទ្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អង្គភាព Fresh News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ មិនអាចទាន់ទាក់ទងជាមួយក្រុមហ៊ុនបានទេ ព្រោះគ្មានលេខទូរស័ព្ទ៕