(ភ្នំពេញ)៖ លោកមេធាវី ពុធ ធាវី បានធ្វើសន្និសីទកាសែតមួយ ដោយបង្ហាញភាពមិនប្រក្រតីមួយចំនួន នៃចំណាត់ការនីតិវិធីរបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏ដូចជាសាលាដំបូងខេត្តព្រះសីហនុ ជាពិសេសការសម្រេចឃុំខ្លួនកូនក្ដីម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន និងកោះហៅកូនក្តី២៣នាក់ ផ្សេងទៀតចូលបំភ្លឺជាបន្តបន្ទាប់។ លោកមេធាវី បានអះអាងថា បណ្តឹងចំនួន៣ដាច់ដោយឡែកពីគ្នា បានដាក់ចូលអង្គភាពប្រឆាំងអំពើពុករលួយ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីស៊ើបអង្កេតករណីនេះ។

សន្និសីទកាសែតនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ធ្វើឡើងបន្ទាប់ពី លោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ សម្រេចឃុំខ្លួន លោក ឈន ផ្លុំ អាយុ៥៥ឆ្នាំ មានតួនាទីជាឧត្ដមសេនីយ៍ទោ នៅក្រសួងការពារជាតិ ដោយចោទប្រកាន់ពីបទ «រំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត និង សមគំនិតក្នុងអំពើរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត» ប្រព្រឹត្តនៅភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីមុនអំឡុងឆ្នាំ២០១៦ និងក្នុងឆ្នាំ២០១៦ តាមមាត្រា២៥៣នៃច្បាប់ភូមិបាល និង មាត្រា២៩នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធការលើកឡើងនេះ លោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនថា ការសម្រេចឃុំខ្លួន លោក ឈន ផ្លុំ គឺ ដើម្បីរក្សាទុកជនត្រូវចោទជូន តុលាការចាត់ការតាមនីតិវិធី៕

សូមស្តាប់ការធ្វើសន្និសីទកាសែតទាំងស្រុង៖