​(ព្រះសីហនុ)៖ ឃាតកម្មដ៏ព្រៃផ្សៃ រំលោភបូកសម្លាប់នារីខារ៉ាអូខេ រួចយកសាកសពបោះចោលក្នុងព្រៃ កាលពីដើមខែមីនាកន្លងទៅនេះ ពេលនេះកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមជនដៃដល់បានហើយ ក្នុងនោះមេក្លោងគឺជាប្តីឥតខាន់ស្លា របស់នារីរងគ្រោះតែម្តង ដោយនាំប្រពន្ធ យកទៅឲ្យបក្ខពួក៤នាក់ទៀតចាប់រំលោភសម្លាប់ រួចយកសពទៅបោះចោលនៅក្នុងព្រៃ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមជនសង្ស័យត្រូវ​កម្លាំងនគរបាលបង្រ្កាបបាននៅថ្ងៃទី០៦ ខែកក្កដា ម្សិលមិញនេះ ​នៅក្នុងរង្គ​សាល​ឌីស្កូ​ថេក​ អិលវី។​

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានរៀបរាប់លម្អិតថា ដើមឡើងកម្លាំងជំនាញបានដាក់ការសង្ស័យទៅ​លើបុរស​ម្នាក់​ ឈ្មោះ​ ទៀន​ ខ្លុញ ដែលធ្លាប់​ជាប្តីរបស់ជនរងគ្រោះ​ ពី​ព្រោះ​ជន​រង​គ្រោះ ​ធ្លាប់​ត្អូញត្អែ​ប្រាប់​គេឯង​ថា ប្តី​របស់​នាង​បាន​គំរាម​សម្លាប់​នាង​​។ ក្រោយ​ពី​កំណត់​មុខ​សញ្ញា​បាន​ និង​​ស្នើ​សុំដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួនពីស្ថាប័ន ព្រះ​រាជ​អាជ្ញា​​មុខសញ្ញា​បាន​គេ​ច​ខ្លួន​មួយ​រយៈពេល​ មិន​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​មូលដ្ឋាន​ឡើយ​។

លុះដល់​យប់រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី០​៦ ​ខែ​កក្កដា​ ឆ្នាំ​២០១៧​ កម្លាំង​ជំនាញ​បាន​ឃើញ​ឈ្មោះ ​ទៀន​ ខ្លុញ​ ក្នុង​រង្គ​សាល​ឌីស្កូ​ថេក​​អិលវី​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​នោះ​មក​សាកសួរ​ និង​ឈាន​ទៅ​ចាប់​បាន​បក្ខពួក​ជាបន្តបន្ទាប់ សរុប​ទាំង​អស់​​ចំនួន​៤នាក់។ ជនសង្ស័យដែលឃាត់ខ្លួនទី១៖ឈ្មោះ ​ទៀន​ ខ្លុញ​ ឬ​​ទៀន​ ប៊ុនឡូ​​ ​អាយុ​៣០ឆ្នាំ ​​​អតីតកាល​ត្រូវ​ជា​ប្តី​អត់​ខាន់ស្លារបស់​ជន​រង​គ្រោះ, ទី២៖ឈ្មោះ​ សៅ​ បូរ៉ា​ ​អាយុ​៣២​ឆ្នាំ​, ទី៣៖ឈ្មោះ​ ផុន​ សុ​ភ័ណ្ឌ​ ​អាយុ​៣០ឆ្នាំ និងទី៤៖ឈ្មោះ ​ស៊ុន​ ណា​រិទ្ធិ​ ​អាយុ​៣០ឆ្នាំ​​។

បើតាមលោកស្នងការរងរូបនេះ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​៤បាន សារ​ភាព​ថា​ កា​ល​ពីថ្ងៃ​កើត​ហេតុ​នោះ​ ពួក​វា​មាន​គ្នា​៥នាក់ ​​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​នៅ​ហាងឈ្មោះ ស្រីខួច ​ក្រោយ​ពេទ្យ​ខេត្ត តាំង​ពី​ម៉ោង​៨យប់ រហូត​ដល់​ម៉ោង​៣ជិតភ្លឺឈាន ចូល​ថ្ងៃទី​១០ ​ខែ​មីនា ​ទើបឈប់​ ហើយ​បាន​នាំ​នារី​រងគ្រោះ​ ​ដឹក​តាម​ម៉ូតូ​ទៅ​អូរ​ត្រេះ​ចាស់​ ពេលនោះ​បាន​ចូល​ទៅ​កាន់​រោង​មួយ ​ដែល​គ្មាន​មនុស្ស​នៅ​ ហើយ​នាំគ្នា​ចាប់​រំលោភ​​ម្នាក់​ម្តង​ៗ ​រហូតដល់​នាង​ស្រែក​យំ​ខ្លាំង​ៗ ហៅ​​គេ​ជួយ​ ពេល​នោះ​ពួកគេ​បាន​យក​កន្សែង​ពោះគោ​រឹត​ក​ និង​​យក​កាំបិត​ចាក់​បន្ថែម​ទៀត​​រហូត​ដល់​ស្លាប់​ ហើយ​បាន​យក​សព​ដឹក​ទៅ​ទម្លាក់ចោល កណ្តាលផ្លូវទៅអាឡាំងដឹឡុង ក្រុម៤ ភូមិ៦។

ចម្លើយ​សារភាព​របស់​​ក្រុម​ឧក្រិដ្ឋជន​ យប់​នោះ​បុរសឈ្មោះ ទៀង ខ្លុញ​ ​អ​តី​ត​ជា​ប្តី​ជនរងគ្រោះ​ នៅ​អង្គុយ​មើល​ឲ្យ​មិត្ត​ភក្តិ​ទាំង​៤នាក់​ រំលោភ​ជនរងគ្រោះ​ នៅ​នឹង​មុខ​តែម្តង​​ខ្លួន​គេ​មិន​បាន​រំលោភ​ទេ​។​ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាល បញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងផ្ដន្ទាទោសតាមច្បាប់។

សូមជម្រាបថា អំពើ​មនុស្ស​ឃាត​​នេះ​កើ​ត​ឡើង​ក្នុង​អំឡុង​ជិត​ភ្លឺ​ថ្ងៃ​ទី​១០ ខែ​មីនា​ឆ្នាំ​២០១៧​ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា ទើប​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ជនរងគ្រោះ​ ដែល​ពួក​ឃាត​ក​បាន​ទុក​ចោល​នៅ​ក្នុង​ព្រៃ​ក្បែរ​ស្លាក​បារី​អាឡាំងដឺឡុង ផ្លូវទៅ​អូរត្រេះ​ចាស់​ ក្នុង​ក្រុម​ទី​២០ ភូមិ​៦​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​។

ជនរងគ្រោះ​ឈ្មោះ​ប្រាក់​ សុធី ​(ហៅ​ស្តើង) ​អាយុ​២៤ឆ្នាំ មាន​លំនៅ​ដ្ឋាន​នៅភូមិ​អូរ​ចំណារ​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់​ បាន​មក​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ៕