(ឡាវ)៖ គណៈកម្មការទន្លេមេគង្គ (MRC) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសបើកការប្រកួតប្រជែងរូបថត នៅថ្នាក់តំបន់ក្រោមប្រធានបទ «ភាពចម្រុះបែបនៃទន្លេមេគង្គ តាមរយៈខ្សែភ្នែករបស់អ្នក» សម្រាប់អ្នកថតរូបមិនមែនអាជីព គ្រប់វ័យដែលជាពលរដ្ឋ និងកំពុងរស់នៅក្នុងប្រទេស កម្ពុជា ឡាវ ថៃ និង វៀតណាម។
ការប្រកួតនេះ មានបំណងស្វែងរករូបថតប្រកបដោយគំនិតច្នៃប្រឌិត ដែលបង្ហាញពី ភាពចម្រុះបែបនៃអាងទន្លេមេគង្គ ដែលរាប់ចាប់ពីសម្រស់ធម្មជាតិនៃទន្លេនេះ រហូតដល់ការប្រើប្រាស់ទឹកតាមរូបភាពខុសៗគ្នា និងការប្រឈមនានា ដើម្បីបញ្ជាក់ពីតម្រូវការកិច្ចសហប្រតិបត្តិការឆ្លងដែន ដែលចំាបាច់សម្រាប់ការអភិវឌ្ឍអាងទន្លេ មេគង្គដោយចីរភាព។
លោក Pham Tuan Phan នាយកប្រតិបត្តិរបស់លេខាធិការដ្ឋាន MRC បានថ្លែងថា «ការប្រកួតប្រជែងនេះ ផ្តល់ឲ្យអ្នកថតរូបមិនមែនអាជីពមកពីប្រទេសជាសមាជិករបស់ MRC នូវឱកាសដើម្បីបង្ហាញពីធនធានធម្មជាតិរបស់ទន្លេមេគង្គ ការប្រឈមខាងសេដ្ឋកិច្ច និងសង្គម ដោយសារតម្រូវការធនធានទឹកកាន់តែមានលក្ខណៈប្រកួតប្រជែង និងការបង្ហាញពីវិធីល្អៗដែលអាចដោះស្រាយផលប៉ះពាល់ទាំងនេះ»។
ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជា ឡាវ ថៃ និងវៀតណាម ការប្រកួតរូបថតនេះ ត្រូវបានរៀបចំឡើង ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (M-IWRMP) របស់ MRC ដែលសម្រួលឲ្យមានកិច្ចសហប្រតិបត្តិការឆ្លងដែន នៅថ្នាក់ជាតិ និងនៅកម្រិតអាងទន្លេ ក្នុងចំណោមប្រទេសក្នុងអាងទន្លេមេគង្គក្រោម ជាមួយការប្រើប្រាស់នីតិវិធី និងមធ្យោបាយនានា MRC សម្រាប់ការចរចាអំពីការប្រើប្រាស់ទឹក ការចែករំលែកព័ត៌មាន និងការតាមដានលំហូរទឹកទន្លេមេគង្គ។
ដើម្បីចូលរួមការប្រកួតនេះ អ្នកថតរូបត្រូវផ្ញើររូបថតដើមយ៉ាងច្រើន៥សន្លឹក ជាទម្រង់ឌីជីតាល់ ដោយភ្ជាប់ជាមួយនូវពាក្យសុំចូលប្រកួតដែលបំពេញរួចតាមរយៈអ៊ីម៉ែល [email protected] ឲ្យបានត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ (ទិវាទន្លេអន្តរជាតិ)។ រូបថតនីមួយៗត្រូវមានព័ត៌មានសង្ខេបដែលអធិប្បាយពីរូបថតនោះ ជាភាសាអង់គ្លេស ឬ ភាសាកំណើតរបស់អ្នកថតរូប ដោយមិនលើស១០០ពាក្យ ។
ម្ចាស់ជ័យលាភីនៃរូបថតទំាង១២សន្លឹក នឹងបានទទួលរង្វាន់ជាសាច់ប្រាក់ចាប់ពី ១០០ដុល្លារ ដល់៥០០ដុល្លារ មេដាយ និងលិខិតបញ្ជាក់ នៅក្នុងពិធីប្រគល់រង្វាន់ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន MRC នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ នាចុងឆ្នាំ ២០១៧នេះ។ រូបថតដែលឈ្នះនៅក្នុងការប្រកួតនេះ អាចនឹងត្រូវដាក់តាំង និងបោះពុម្ព ក្នុងប្រតិទិន IWRMP ឆ្នាំ ២០១៨ របស់ MRC និងរបាយការណ៍ផ្សព្វផ្សាយដទៃទៀត៕