(ព្រះវិហារ)៖ ថ្ងៃនេះអាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៩ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរជាតិប្រាសាទព្រះវិហារ កងកម្លាំងប្រដាប់អាវុធប្រចាំការតំបន់ព្រះវិហារ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៥០០នាក់។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរំលឹកអំពីការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ របស់រាជរដ្ឋាភិបាលក្រោមការដឹក នាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន រហូតទទួលបានការសម្រេចជាឯកច្ឆ័នរបស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០០៨។
ឆ្នាំនេះការប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដោយការរៀបចំពិធីធ្វើឡើងនៅរមណីយដ្ឋានប្រាសាទកោះកែរ ដែលជាប្រាសាទបុរាណល្បីល្បាញមួយទៀត ក្នុងខេត្តព្រះវិហារ។
លោក ខៀវ សម្បត្តិ អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា «អាជ្ញាធរជាតិព្រះវិហាររៀបចំពិធីរំលឹកខួបអនុស្សាវរីយលើកទី ៩ នៅរមណីយដ្ឋានប្រាសាទកោះកែរ ដោយសារយើងចង់ពញ្ញាក់ស្មារតី និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តព្រះវិហារឱ្យបានច្រើនកុះករបន្ថែមទៀត តាមរយៈការបង្ហាញរូបភាពសម្បូរបែបនៃប្រាង្គប្រាសាទបុរាណ និងធនធានធម្មជាតិដ៏ស្រស់ស្អាតក្នុងទឹកដីខេត្តព្រះវិហារ ហើយម្យ៉ាងទៀតរាជរដ្ឋាភិបាលទើបតែបានផ្តល់សេចក្តីទុកចិត្តដល់អាជ្ញាធរជាតិព្រះវិហារឱ្យគ្រប់គ្រងនិងអភិរក្សតំបន់រមណីយដ្ឋានប្រាសាទកោះកែរចាប់តាំងពីឆ្នាំ ២០១៦ មក»៕