(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាដែលគេស្គាល់ថា ជាប្រទេសដែលបានផលិតស្រូវសល់ច្រើននោះ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណជិត៣០ម៉ឺនតោន កើនឡើង៧% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។

របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបការនាំចេញអង្ករ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧បានបញ្ជាក់ថា ចាប់ពីខែមករា-មិថុនា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបាន ចំនួន២៨៨,៥៦២តោន កើតឡើង៧.៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន២៦៨,៦៩០តោន។

យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង៩ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជិត៤ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសប៉ូឡូញដែលមានចំនួនជាង២.៥ម៉ឺនតោន។

នៅឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានឯកភាពគ្នាបង្កើនចំនួនកូតានាំចេញអង្ករ ទៅកាន់ប្រទេសចិន ឲ្យឡើងដល់២០ម៉ឺនតោន ខណៈនៅឆ្នាំ២០១៨ខាងមុខ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលកំពុងមានចំណងមិត្តភាពស្អិតរមួតនេះ មានគោលការណ៍ដំឡើងកូតានាំចេញអង្ករ ទៅកាន់ប្រទេសចិនឲ្យបាន៣០ម៉ឺនតោន។

នៅឆ្នាំ២០១៦កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥០ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕