(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងសុខភាពពលករកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការងារផ្តល់សេវាសុខភាពដោយផ្ទាល់ និងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ដែលប្រចាំការនៅតាមច្រកប៉ោយប៉ែត និងច្រកផ្សេងៗទៀតដើម្បីទទួលផ្តល់សេវាជូនបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ។
រដ្ឋមន្ត្រី បានអំពាវនាវឲ្យពលករទាំងអស់យកចិត្តទុកដាក់លើសុខភាព បើមានបញ្ហាសុខភាព សុំទៅជួបគ្រូពេទ្យដែលប្រចាំការនៅតាមច្រកស្រាប់ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ជាពិសេស ត្រូវនាំកុមារដែលជាកូន ឫជាក្មួយដែលធ្វើដំណើរជាមួយខ្លួន ទៅទទួលការចាក់ថ្នាំបង្ការការពារជំងឺឲ្យបានគ្រប់ៗគ្នាផងដែរ។
រដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាល ដែលបំពេញកាតព្វកិច្ចផ្តល់សេវា ក៏ដូចជាផ្តល់ការចាក់ថ្នាំបង្ការដល់កុមារ ដើម្បីបង្ការជំងឺកញ្រ្ជិល ស្អូចនិងលើកទឹកចិត្តឲ្យគ្រូពេទ្យ ឲ្យណែនាំប្រជាពលរដ្ឋ អំពីការកាពារសុខភាពទូទៅ ត្រួតពិនិត្យជំងឺរបេង និងធ្វើតេស្តដោយស្ម័គ្រចិត្តក្នុងការស្រាវជ្រាវរកមេរោគអេដស៏។
ក្រសួងសុខាភិបាល នឹងធ្វើការណែនាំបន្ត ដល់មន្ទីរសុខាភិបាល នៅតាមមូលដ្ឋាន ដែលប្រជាពលរដ្ឋ វិលត្រឡប់ទៅផ្ទះសំបែងវិញ បន្តការយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យសុខភាព ជូនបងប្អូនទាំងនោះផងដែរ ប្រសិនបើពួកគាត់មានបញ្ហាសុខភាពណាមួយ។
បន្ទាប់មក លោករដ្ឋមន្ដ្រី បានជួបសំណេះសំណាលជាមួយបណ្តាអង្គការដៃគូរ និងអាជ្ញាធរមូលដ្ឋាន និងថ្លែងអំណរគុណ ចំពោះការចូលរួម ដោយយកចិត្តទុកដាក់ជាមួយផ្នែកសុខាភិបាលក្នុងការបំពេញ និងសម្រេចបាននូវភារៈកិច្ចចំពោះមុខនេះ៕