(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៧ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងមួយដោយបាន បញ្ជាក់ថា ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ មានស្ថានទូត បក្សនយោបាយនិងអង្គការ ជាតិ-អន្តរជាតិធំៗចំនួន១៤ សុទ្ធតែវាយតម្លៃថា ការបោះឆ្នោតនេះ បានប្រពឹត្តទៅដោយរលូន សុខសន្តិភាព និងមានភាពល្អប្រសើរជាង អាណត្តិមុនៗ។
ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ គាំទ្រដល់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ រួមមាន៖
* ស្ថានទូតអាមេរិកប្រចាំកម្ពុជា
* ស្ថានទូតសាធារណរដ្ឋហ្វាំងឡង់ប្រចាំកម្ពុជា
* ស្ថានទូតនៃសហព័ន្ធរុស្ស៉ី
* គណបក្សយុវជនកម្ពុជា
* គណបក្សប្រជាជនកម្ពុជា
* គណបក្សសង្គ្រោះជាតិ
* សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា
* អង្គការតម្លាភាពកម្ពុជា
* សហព័ន្ធសហភាពយុវជនកម្ពុជា
* បណ្តាញអាស៉ីដើម្បីការបោះឆ្នោតដោយសេរី
* ការិយាល័យសិទ្ធិមនុស្សប្រចាំតំបន់អាស៉ីអាគ្នេហ៍
* អង្គការ CAPDI
* អង្គការ IDC-CDI
* អង្គការ ICAPP
គ.ជ.ប បានឲ្យដឹងទៀតថា ទន្ទឹមនឹងការវាយតម្លៃថា មានភាពល្អប្រសើរជាងអាណត្តិមុនៗ ក៏មានមិតមួយចំនួន បានវាយតម្លៃថា នៅមានភាពខ្វះខាតខ្លះដែរ ដែល គ.ជ.ប ត្រូវធ្វើការកែតម្រូវ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានសង្កត់ធ្ងន់ថា «គ.ជ.ប ក៏ដូចជាមតិជាតិ និងអន្តរជាតិជាច្រើនយល់ឃើញថា គ្មានការបោះឆ្នោត ណាមួយ ដែលរៀបចំឡើងបានល្អឥតខ្ចោះ ១០០%នោះទេ ទោះបីជាប្រទេសទាំងនោះមានការអភិវឌ្ឍន៍យ៉ាងណាក៏ដោយ។ គជប ស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនា តាមបទពិសោធន៍នៃការបោះឆ្នោតនេះ គជប រួមជាមួយអ្នកជំនាញការអន្តរជាតិដែលកំពុងបំពេញ ការងារនៅ គជប នឹងរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធធ្វើការដោះស្រាយ និងកែលម្អឲ្យបានកាន់តែប្រសើរថែមទៀត សម្រាប់ការ បោះឆ្នោត លើកក្រោយៗទៀត»៕