(ភ្នំពេញ)៖ តាមរយៈទំព័រ Facebook នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែបន្តអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅមុខជានិច្ច ហើយមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាមេដឹកនាំដែលបានតស៊ូរួម សុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា មានតែមេដឹកនាំដែលតស៊ូរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទេ ទើបដឹងច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ថានភាពពិតនៃប្រទេសជាតិពេលធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនកើតឡើងមកពីការជប់នោះទេ តែកើតចេញពីការខិតខំទាំងយប់ទាំងថ្ងៃរបស់សម្តេចសម្តេច និងជនរួមជាតិទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា អ្វីដែលកម្ពុជាកំពុងមានមិនទាន់ល្អឥតខ្ចោះនៅឡើយ ប៉ុន្តែរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច នឹងបន្តខិតខំប្រឹងប្រែងកែលម្អទៅរកភាពល្អប្រសើរ ឡើង ដើម្បីប្រជាពលរដ្ឋកាន់តែមានឱកាស។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះជនមិនចំនួនដែលមិនទទួលស្គាល់នូវសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងបន្តបង្អាប់ជាតិរបស់ខ្លួន។ សម្តេចបានបញ្ជាក់ដូច្នេះ «គួរឲ្យសោកស្តាយ ដែលមានបុគ្គលមួយចំនួនទោះបីបានដឹង និងបានឃើញច្បាស់អំពីការរីកចម្រើនយ៉ាងណាក្តី ក៏នៅតែនិយាយអាក្រក់សម្អុយប្រទេសជាតិខ្លួនឯងដែរ។ ទោះបីអ្នកណាៗនិយាយ មិនល្អពីកម្ពុជា ប៉ុន្តែគណបក្សប្រជាជននៅបន្តធ្វើបន្តអភិវឌ្ឍន៍កម្ពុជាទៅមុខទៀត។ ពិតណាស់ អ្នកថា បានត្រឹមតែថាប៉ុណ្ណោះ»។

ទោះបីជាយ៉ាងណាសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានថ្លែងអរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជន និងប្រជាពលរដ្ឋ យុវជនយុវតី ដែលបន្តគាំទ្រ និងមានជំនឿទុកចិត្តយ៉ាងមុតមាំចំពោះគណបក្សប្រជាជន ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕